ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ជាស្ពានអាកាសកំពស់ 2ជាន់ ដែលនឹងសម្រួលលំហូរចរាចរណ៍លើដងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, វិថី កងយោធពលខេមរភូមិន្ទ និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ គិតត្រឹមថ្ងៃទី12ខែកក្កដាឆ្នាំ2023 ការដ្ឋានសាងសង់ស្ពាននេះ សម្រេចបាន 25% ហើយ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ2023 ឱ្យដឹងថា តាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហាឆ្នាំ២០២៥ ។ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ271 ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកាជាង 36លានដុល្លារ និងចំណាយពេលវេលាសាងសង់ 36ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។

ស្ពានអាកាសជាន់ទី2 ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ2004 ក្នុងខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន7ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ និងស្ពានអាកាសលើផ្លូវជាតិលេខ5 ឫស្សីកែវ៕