អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចពិភាក្សាត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅដើមខែមីនា ឆ្នាំ២០២៤ ខាងមុខនៅរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពី នាយកក្រុមហ៊ុន សហគ្រិន វិនិយោគិន និង អ្នកជំនាញពីគ្រប់វិស័យ ទូទាំងតំបន់អាស៊ាននិងពិភពលោកចូលរួម។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ទទួលបានកិត្តិយស ដោយទទួលបាននូវចំណារឯកភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមជាគណៈអធតិបតី បើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ។

កិច្ចពិភាក្សាត្រៀមលក្ខណៈនាពេលនេះ ផ្តោតទៅលើការប្រមូលធាតុចូល និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សភាពាណិជ្ជកម្មនិងសមាគមពាណិជ្ជកម្មអន្តរជាតិទាំងអស់នៅកម្ពុជា ដើម្បីឲ្យការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជា ទទួលបានជោគជ័យ និងជំរុញការវិនិយោគនៅកម្ពុជាដែលជាចំនុចស្នូលនៃអាស៊ាន។

អង្គប្រជុំបានជជែកពិភាក្សា អំពីមូលបទរួមនៃរបៀបវារៈកិច្ចប្រជុំកំពូលធុរកិច្ច ខ្លឹមសារ ប្រធានបទនីមួយៗនៃកម្មវិធី ការបង្កើតគណៈកម្មាធិការបច្ចេកទេស ការអញ្ជើញវាគ្មិន និងអ្នកជំនាញ ការរៀបចំកម្មវិធីអមនានា និង ភស្តុភារគាំទ្រដល់កម្មវិធីទាំងមូល។

កិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តាមរយៈទូរស័ព្ទលេខ ០១២-៧៧៨៨៧៩ ឬ តាមរយៈអ៉ីម៉ែល mengtechnguon@ccc.org.kh ៕