ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគាំទ្រ និងអនុម័តលើគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤,៩០០លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤,៩០០ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា ៖ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួមចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។
ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ ជារួម រំហូរទុនវិនិយោគឯកជននៅឆ្នាំ២០២៣ មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។
គួរបញ្ជាក់ជូនផងដែរថា រំហូរទុនវិនិយោគក្នុងឆ្នាំ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និងក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុនវិនិយោគសរុប។ គម្រោងវិនិយោគភាគច្រើនមានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួនទៀត បានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាមបណ្តាខេត្ត ដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕