យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីពេលថ្មីៗនេះបានឲ្យដឹងថាក្រុមអ្នកតាក់តាំងច្បាប់នៃក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានធ្វើការស្នើសុំឲ្យរដ្ឋាភិបាលក្នុងការបន្តវិធានការគាំទ្រវិស័យអចលនទ្រព្យដែលធ្លាប់អនុវត្តកន្លងមកនោះឲ្យបាននៅក្នុងឆ្នាំ២០២៤នេះបន្ថែមទៀត។

ប្រភពដដែលបានសរសេរទៀតថាចំណាត់ការទាំងនោះដែលមានដូចជាការកាត់បន្ថយតម្លៃសេវាផ្ទេរឈ្មោះម្ចាស់កម្មសិទ្ធ និងអត្រាកំចីទិញផ្ទះដែលមានតម្លៃទាបជាដើមដែលតាមផែនការវានឹងត្រូវបញ្ចប់ទៅនៅត្រឹមដំណាច់ឆ្នាំ២០២៣រួចទៅហើយ។

ចំណាត់ការគាំទ្រទាំងនោះគេសង្កេតឃើញថាការកាត់បន្ថយតម្លៃសេវាកាត់ឈ្មោះអចលនទ្រព្យនឹងមានតម្លៃត្រឹមតែ១ភាគរយប៉ុណ្ណោះនៃតម្លៃអចលនទ្រព្យដែលត្រូវបានវាយតម្លៃរួចជាស្រេចពីតម្លៃដើមដែលមាន២ភាគរយចំពោះអចលនទ្រព្យដែលមានតម្លៃសរុបតិចជាង៣លានបាត។

ក្នុងនោះផងដែរ ចំពោះអត្រាការប្រាក់វិញសេវារដ្ឋបាលនឹងត្រូវកាត់បន្ថយមកត្រឹមតែ០,០១ភាគរយពីតម្លៃដើមដល់ទៅ១ភាគរយចំពោះអចលនទ្រព្យដែលមានតម្លៃតិចជាង៣លានបាតដូចគ្នាដែរ។

បន្ថែមលើសពីនេះក្រសួងហិរញ្ញវត្ថុថៃក៏បានស្នើសុំទៅកាន់ធនាគារកណ្តាលថៃក្នុងការបន្តដាក់ឲ្យមានសេវាកម្មកំចីប្រាក់ Loan to value (LTV) ដែលមានន័យថាអតិថិជនអាចធ្វើការកំចីទិញផ្ទះដល់ទៅ១០០ភាគរយនៃតម្លៃផ្ទះតែម្តងដើម្បីធ្វើយ់ាងណាឲ្យសកម្មភាពទិញលក់មានដំណើរការឡើងវិញ៕