ភ្នំពេញ ៖មានការផ្សព្វផ្សាយមួយជុំវិញគម្រោងវិនិយោគលើតំបន់ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ក្នុងទំហំទឹកប្រាក់រហូតដល់១,៨ពាន់លានដុល្លារអាមេរិក ដោយវិនិយោគិនមកពី ៤ប្រទេសរួមគ្នា ក្នុងនោះ កម្ពុជា កូរ៉េ សិង្ហបុរី និងឥណ្ឌូនេស៊ី ។ ប៉ុន្តែអាជ្ញាធរខេត្តព្រះសីហនុថាទំហំទឹកប្រាក់នេះ គឺធំណាស់ មិនដឹងថាប្រភពទុនមកពីណាច្បាស់លាស់ទេ ដោយគិតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដឹងព័ត៌មានច្បាស់នៅឡើយ ។

នៅក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន PITOU និងក្រុមហ៊ុន LJ ដែលជាក្រុមហ៊ុនអនុវត្តគម្រោងនៅកម្ពុជា ជាមួយក្រុមហ៊ុន AMARTA PURA របស់ប្រទេសឥណ្ឌូណេស៊ី, ក្រុមហ៊ុន DCI របស់សាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន KWK របស់ប្រទេសសិង្ហបុរី ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ កាលពីពេលថ្មីៗនេះលោកឃៀង ខេមរិន្ទ តំណាងភាគីកម្ពុជាបាននិយថាយ គម្រោងវិនិយោគដែលមានទំហំទឹកប្រាក់ ១.៨០០លានដុល្លារនេះ នឹងធ្វើការអភិវឌ្ឍលើផ្ទៃដីទំហំ ២២.៥ហិកតា ស្ថិតនៅសង្កាត់បិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ គម្រោងនេះ ផ្ដោតទៅលើសណ្ឋាគារ ការស៊ីណូ កន្លែងវាយកូនគោល ផ្សារទំនើប មន្ទីរពេទ្យអន្ដរជាតិ សាកលវិទ្យាល័យអន្ដរជាតិ និងប្រភេទកីឡាទេសចរណ៍ជាច្រើនទៀត ជាមួយនឹងសំណង់អគារប្រណិតៗជាច្រើនទៀត ។

លោកបន្ដថា គម្រោងវិនិយោគនេះ គ្រោងនឹងចាប់ផ្ដើមនាអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ នេះ ជាមួយផែនការមេរយៈពេល ១០ឆ្នាំ ដើម្បីបញ្ចប់សព្វគ្រប់នូវគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ។ ដូច្នេះបន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុននឹងតម្លើងប្លង់មេ និងប្លង់លម្អិត រៀបចំជាសិក្ខាសាលា ដាក់ឆ្លង ក្រសួងជំនាញពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា ។

នៅថ្ងៃទី១១ មករា ២០២៤នេះ ឯកឧត្តមឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងប្រាប់ AMS តាមប្រព័ន្ធតេលេក្រាមឱ្យដឹងថា លោកមិនបានដឹងរឿងនេះទេដែលរឿងនេះវាគឺជារឿងផ្ទៃក្នុងរបស់ឯកជន ដោយមិនទាន់មានភាគីរដ្ឋចូលរួមក្នុងគម្រោងនេះនៅឡើយ ។

ឯកឧត្តមបានបន្តថា នេះគឺជារឿងផ្ទៃក្នុងរបស់គេសុទ្ធសាធ សូម្បីតែរំហូរសាច់ប្រាក់ក្នុងការអភិវឌ្ឍគម្រោងមួយនេះ ក៏លោកមិនទាន់បានដឹងថាមកពីណាដែរ ហើយទំហំទឹកប្រាក់១៨០០លានដុល្លារគឺមិនធម្មតា ដោយមិនដឹងថាទៅយកប្រភពទុនពីណាមកនោះទេ ។ លោកថា« គម្រោងនេះ ខាងរដ្ឋបាលខេត្តក៏មិនបានដឹងរឿង ខាងក្រសួងទេសចរណ៍ក៏មិនបានដឹងរឿង ដូច្នេះយើងសូមមិនបញ្ចេញអ្វីច្រើននោះទេ » ។

មួយរយៈពេលចុងក្រោយនេះគេឃើញមានគម្រោងវិនិយោគដែលមានទឹកប្រាក់ច្រើនៗបានប្រកាសជាហូរហែរ តែមិនទាន់ឃើញមានលេចជារូបរាងនោះទេ ដូចជាក្រុមហ៊ុនមួយត្រូវការដីរាប់ម៉ឺនហិចតាដើម្បីអភិវឌ្ឍន៍ជាកសិដ្ឋាន គម្រោងវិនិយោគទុនជិត១ពាន់លានដុល្លារនៅខេត្តជិតភ្នំពេញ និងគម្រោងថ្មីមួយនេះជាដើម ដែលមានទុនដល់ទៅ១ ៨០០លានដុល្លារអាមេរិក ៕