ភ្នំពេញ ៖ ក្នុងគោលបំណងលើកមុខមាត់រាជធានីភ្នំពេញឱ្យកាន់តែមានសោភ័ណភាព និងល្អប្រសើរ ក្រសួងសំខាន់ៗចំនួន ២ របស់រាជរដ្ឋាភិបាល បានឯកភាពគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែទំនើប និងប្រកបដោយភាពទាក់ទាញ។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយនឹងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញឆន្ទៈ និងគោលជំហរ ពួតដៃ ដើម្បីកែប្រែមុខមាត់ទីក្រុងភ្នំពេញ តាមរយៈការសិក្សាគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរដែលមានការធ្វើបទបង្ហាញអំពីគម្រោងសិក្សាមួយចំនួនលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានលើកឡើងថា៖
« ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ពោលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត ស្របទៅតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដែលមានបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ ប្រសិនបើគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះសម្រេចទៅបានតាមផែនការដូចដែលបានគ្រោងទុកនោះ រំពឹងថានឹងធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានមោទកភាពប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ រាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។
ទន្ទឹមនឹងនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ បានបង្ហាញនូវឆន្ទៈ និងគោលជំហរយ៉ាងមុតមាំ ក្នុងការចូលរួមពួតដៃជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងស្មារតី ដើម្បីរុញច្រានគម្រោងការងារនេះឱ្យលេចរូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញ ក្លាយជារាជធានីដែលមានភាពទាក់ទាញ និងប្រកបដោយមោទកភាពជាតិផងដែរ៕