កំពង់ចាម ៖ ពិតជារីករាយ និងអស្ចារ្យបំផុតសម្រាប់ប្រជាជនដែលរស់នៅក្នុងភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាមួយនឹងវត្តមានហ្គារាសសាំងលំដាប់ស្ដងដារអន្តរជាតិ ព្រមគ្នាជាមួយហាងអាហារដ្ឋានបែបទំនើបដែលមិនធ្លាប់មានតាំងពីមុនមកក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុន KFA Group ដែលមានលោកឧកញ៉ា នួន រិទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាល។
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧកញ៉ា នួន រិទ្ធី បានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុន ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ជាតំបន់មួយដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងក្លានោះទេ ដោយភាគច្រើនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះប្រកបមុខរបរជាកសិករធ្វើស្រែ បង្កបង្កើនផលស្រូវតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគោលនយោបាយដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនស្ទើរគ្រប់តំបន់មានភាពងាយស្រួលក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កើនជីវភាពគ្រួសារបានល្អប្រសើរ។ ជាក់ស្ដែង ប្រជាជនដែលរស់នៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ មានជីវភាពធូរស្រាលជាងមុន ខណៈដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានាក៏មានការអភិវឌ្ឍច្រើន ខ្វាត់ខ្វែង ទាំងផ្លូវថ្នល់ ទាំងប្រព័ន្ធធារាសាស្ត្រ សម្រាប់បង្កបង្កើនផល។
លោកឧកញ៉ាបានបន្តឱ្យដឹងទៀតថា ដោយមើលឃើញពីភាពរីកចម្រើនទាំងនេះបានសម្រេចចិត្តបណ្តាក់ទុនវិនិយោគដោយបង្កើតនូវហ្គារាសសាំង SAVIMEX ដ៏ធំជាងគេប្រចាំតំបន់ដើម្បីផ្គត់ផ្គង់តម្រូវការផ្នែកឥន្ធនៈ រួមមាន ប្រេងសាំង ម៉ាស៊ូត និងហ្គាស ដែលមានតម្លៃសមរម្យ។ បន្ថែមពីនេះ នៅក្នុងទីតាំងតែមួយនេះក៏មានការផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈជាច្រើនទៀត ដូចជា ហាងមេត្តាកាហ្វេ, មីហឺរបែបកូរ៉េ, ហែមប៊ឺហ្គ័រ, ភ្លៅមាន់បំពង, បុកល្ហុកបែបថៃ, សាច់ចង្កាក់អាំង, សាច់អាំងម៉ុកៈថៈ រួមជាមួយនឹងចំណីហារបែបរហ័សជាច្រើនមុខទៀត។ ក្រៅពីនេះក៏មានកន្លែងកម្សាន្តសម្រាប់កុមារ និងអាងហែលទឹកដ៏ស្រស់ស្អាត ជាមួយនឹងទីចំណតធំទូលាយប្រកបដោយសុវត្ថិភាព និងមានបន្ទប់ទឹកស្អាតរក្សាអនាម័យសម្រាប់អតិថិជនផងដែរ។
លោក សេក ទីណា ជាអតិថិជនដែលបានចូលចាក់សាំងរថយន្តលើកដំបូងនៅហ្គារាសសាំង SAVIMEX ឃុំបារាយណ៍ បានលើកឡើងថា ហ្គារាសសាំាងមួយនេះពិតជាមានលក្ខណៈទំនើប ស្អាត និងអស្ចារ្យប្រចាំតំបន់ ត្បិតភាគច្រើនកន្លែងលក់សាំង និង ហ្គាសភាគច្រើនជាលក្ខណៈគ្រួសារ និងខ្វះការគ្រប់គ្រងស្តងដារនៅឡើយ។
លោកបានបន្តទៀតថា ក្រោយពេលមានវត្តមានហ្គារាសសាំងដ៏ទំនើប និងហាងអាហារដ្ឋានដែលមានលក្ខណៈស្ដង់ដារមួយនេះ ពិតជាជួយសម្រួលដល់បងប្អូនដែលរស់នៅក្នុងតំបន់ ក៏ដូចជាអ្នកជំនួញផ្សេងៗដែលចូលមកវិនិយោគ ត្បិតតាមរយៈហ្គារាសសាំង SAVIMEX ឃុំបារាយណ៍មួយនេះ ពិតជាអាចជួយលើកកម្ពស់សក្តានុពលនៅក្នុងតំបន់ជាក់ជាមិនខាន៕