ភ្នំពេញ ៖ ក្នុង​រយៈ​ពេល​៤ខែកន្លងមកនេះ ការនាំចូល​សម្ភារៈសំណង់​មួយចំនួនឃើញថា​ចាប់ផ្ដើម​មាន​​កំណើ​ន​​គួរឱ្យ​កត់សម្គាល់​​ ជាក់​ស្ដែង​ការនាំចូល​ដែក និងដែកថែប​ចូលមកកម្ពុជា​មានកំណើន​រហូតដល់​ ៣០,៦​ភាគ​រយ​ ។ នេះបើតាម​ស្ថិតិពាណិជ្ជកម្ម​របស់​អគ្គ​​នាយកដ្ឋាន​គយ ​និងរដ្ឋាករ​កម្ពុជាចេញផ្សាយ​កាលពីពេល​ថ្មី​ៗ​នេះ​ ។​

បើតាម​ស្ថិតិ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាននេះបានបង្ហាញឱ្យដឹងថា ក្នុង​រយៈពេល​៤ខែ​ចាប់ពី​ខែ មករា ដល់ដំណាច់ខែ​មេសា ឆ្នាំ២០២៤​ កម្ពុជា​បាននាំចូល​ដែក​ និងដែក​ថែប​មាន​ទឹក​ប្រាក់​រហូតដល់​១៦៨​លានដុល្លារ​អាមេរិក​ មានកំណើន ​៣០,៦ភាគរយ​ធៀបនឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់​ត្រឹមតែ​១២៩លានដុល្លា​រអាមេរិក​ប៉ុណ្ណោះ ។​

របាយការណ៍​ដដែលនេះ បានឱ្យដឹងថា​ សម្ភារៈធ្វើពី​ដែក​ ឬក៏ដែក​ថែប ក៏ឃើញថា​មានកំណើន​គួរឱ្យកត់​ស​ម្គា​​​ល់​​​​ផងដែរ ដោយ​រយៈពេល​ដូច​គ្នា​នេះដែរ ការ​នាំចូល​សម្ភារៈធ្វើពីដែក​ ឬ​ក៏​ដែក​ថែប មានកំណើន​ដល់​ទៅ​​ ៤៥,៤ភាគរយ​ មានទឹក​ប្រាក់​ប្រមាណ​ ២២៤​,៨១​លានដុល្លារ​អាមេរិក​ ខណៈ​រ​យៈ​ពេ​ល​ដូ​ច​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន​​​កា​រ​នាំចូលមានទឹកប្រាក់​ត្រឹមប្រ​មាណ​១៥៤​លាន​ដុល្លារ​អាមេរិក ។

ការនាំចូល​នូវ​សម្ភារៈ​ទាំង​នេះ ក៏បានបង្ហាញពី​សកម្មភាពនៃវិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មាន​សកម្មភាពឡើង​វិញ​​នៅក្នុងឆ្នាំ២០២៤​នេះ ដោយរំពឹងថា​នឹងទទួល​បាន​ការ​​វិនិយោគឡើង​វិញជា​បន្តបន្ទាប់ក្រោយពីសកម្មភាពនៃវិស័យ​នេះបានថមថយ​អស់រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក ។

បើតាម​អ្ន​កនាង​ គឹម គិន​កេសា​ នាយិកា​គ្រប់គ្រ​ងប្រចាំប្រទេស​កម្ពុជា​នៃក្រុមហ៊ុន​ CBRE បានឱ្យដឹងថា​ ក្នុង​ឆ្នាំ​២០២៤​នេះ សកម្មភាព​នៃការ​សាងសង់​បានចាប់ផ្ដើម​ឡើង​វិញជាពិសេស​ស​ម្រា​ប់​សំណង់​លើ​គម្រោង​ដែល​បានជាប់គាំង​កាលពីអំឡុ​ងវិបត្តិកូវីដ​១៩ និង​វិបត្តិ​សេដ្ឋកិច្ច​សកល ។ សម្រាប់​គម្រោង​សាងសង់​ថ្មីៗ ក្រៅពី​គម្រោងសាធារណ មិន​ទាន់​ឃើញ​មាន​គម្រោង​ធំ​ៗ​ឯកជន​ច្រើនដូចមុននោះទេ ។

អ្នក​នាង​បន្តថា កម្ពុជា​ត្រូវការ​ពេលវេលា​ដើម្បីដោះស្រាយ​គម្រោង​អភិវឌ្ឍន៍​ដែលជួបប្រទះនឹង​បញ្ហា​ប្រឈម​ឱ្យរួចរាល់ ក៏ដូចជា​ស្វែង​រក​វិនិយោគិន​ក៏ដូចជា​អតិថិជនមកទិញ​នូវ​គ​ម្រោង​ដែល​បាន​សាង​ស​ង់​លើ​ស​ត​ម្រូវ​កា​រ​​​កាលពីមុន​វិបត្តិកូវីដ​១៩ ដូចជា​គម្រោង​ខុនដូ អាផាត់​មិន ផ្សារទំនើបជាដើម ។

ជាការ​កត់សម្គាល់ ក្នុងពេល​គម្រោងសំណង់ធំៗ​ មិនមានលេចជា​រូប​រាង​ច្រើនដូចមុន​ ប៉ុន្តែ​សកម្មភាពសាងសង់ដាច់ដោយដុំ ក៏ដូចជា​រោងចក្រ​ដែលត្រូវ​ប្រើប្រាស់ដែក​មានកំ​ណើ​ន​ខ្ពស់ ជាពិសេស​នៅតំបន់ជាយ​ក្រុង និងតំបន់ផ្លូវក្រវាត់​ក្រុង ដូច្នេះហើយទើប​ឃើញ​តួលេខ​នៃការ​នាំចូលដែក ​និងដែក​ថែប​មកកាន់ប្រទេស​កម្ពុជាមានកំណើន​ខ្ពស់ ៕