ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង មានប្រវែងសរុប ១៩៨,៥១ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦ភាគរយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ ២០២៤នេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី០៥ មិថុនា ២០២៤ ។
បើតាមសេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា ការងារសម្រេចបានលើគម្រោងផ្លូវជាតិ១០ រួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧,៣១ភាគរយ ការងារស្ពានសម្រេចបាន ៩១,១៨ភាគរយ ការងារស្ពានខ្ពស់ជាងគេប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០ភាគរយ (គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ) ការងារលូកាត់ទទឹងថ្នល់សម្រេចបាន ៩៩,៨២ភាគរយ និងការងារលូបណ្តោយថ្នល់ និងជញ្ជាំងការពារជើងទេរអនុវត្តបាន ៨៩,៨៤ភាគរយ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នៅរដូវវស្សានេះ ប្រជាពលរដ្ឋអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ ១០ បានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង ។
បើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកយកព័ត៌មាន AMS Economy ឱ្យដឹងថា គម្រោងនេះត្រូវបានប្រើប្រាស់ពេលវេលា ៦៦ខែ ឬស្មើនឹង៥ឆ្នាំ ដោយបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ដោយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០២៥ខាងមុខនេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយនេះមក គឺមិនមានបញ្ហាប្រឈមអ្វីជាធំដុំឡើង ក្រៅពីបញ្ហាអាកសធាតុ ដូចជាភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យដំណើរការ ការដ្ឋានត្រូវខាក់ខានរយៈពេលខ្លី ។
តាមរយៈគម្រោងផ្លូវមួយនេះដែរ នឹងជំរុញឱ្យទំនាក់ទំនងរវាងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបងក៏ដូចជាបន្ទាយមានជ័យជាដើម កាន់តែខិតជិតគ្នា ខណៈនាពេលកន្លងមក ប្រជាពលរដ្ឋកោះកុងចង់ទៅខេត្តពោធិ៍សាត់ បាត់ដំបងត្រូវឆ្លងកាត់ភ្នំពេញ ដែលត្រូវប្រើពេលវេលាយូរ និងចំណាយច្រើន តែបើសិនជាផ្លូវនេះសាងសង់រួច នឹងមានផ្លូវកាត់ថ្មីហើយធ្វើឱ្យតំបន់ជាប់ព្រំដែនទាំងនោះ កាន់តែមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មរវាងគ្នានឹងគ្នាបានកាន់តែប្រសើរផងដែរ ៕