បរទេស ៖ Denver ជាទីក្រុងត្រូវបានគេបោះឆ្នោតជាទីក្រុងលំដាប់ទី១ដែលគួរឲ្យចង់រស់នៅ និងទស្សនាបំផុតនៅសហរដ្ឋអាមេរិក និងរំពឹងទុកថាជាទីក្រុងដែលទទួលបានកំណើនសេដ្ឋកិច្ចលឿនជាងគេបំផុតមួយរបស់ប្រទេសផងដែរ។
អំណោយផលផ្នែកទីតាំងភូមិសាស្ត្រ ការប្រមូលផ្តុំនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ការបន្ធូរបន្ថយពន្ធ និងកំណើនយ៉ាងខ្លាំងក្លានៃអាជីវកម្មកើតថ្មីដែលពោរពេញទៅដោយសក្តានុពលបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យទីក្រុងនេះទទួលបានភាពជោគជ័យបំផុតក្នុងចំណោមទីក្រុងធំៗផ្សេងទៀត។
ទោះបីជាយ់ាងណាក្តី ភាពជោគជ័យនេះកំពុងធ្វើឲ្យទីក្រុងប្រឈមមុខទៅនឹងបញ្ហាធំៗចំនួន២ទៅវិញ ហើយវាគឺជាមេរៀនដែលគួរឲ្យរៀនសូត្របំផុតសម្រាប់ទីក្រុងផ្សេងទៀតដែលអាចយកទៅត្រៀមទុក និងដាក់បញ្ចូលក្នុងផែនការជាមុនដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាទីក្រុងដែលមានភាពរីកចម្រើនខ្លាំងដោយមិនជួបឧបសគ្គដូចទៅនឹងទីក្រុង Denver នៅពេលបច្ចុប្បន្ន។
ថ្វីត្បិតតែមានសេដ្ឋកិច្ចពាណិជ្ជកម្មខ្លាំង ប៉ុន្តែពេលនេះ ទីក្រុង Denver រដ្ឋ Colorado កំពុងព្យាយាមដោះស្រាយបញ្ហាធំៗចំនួន២ដែលវាកំពុងទាញត្រឡប់ទីក្រុងឲ្យធ្លាក់ចូលទៅក្នុងវិបត្តិទៅវិញនាពេលខាងមុខដែលក្នុងនោះទី១គឺជាបញ្ហាអតុល្យភាពការងារ ឬការងារខុសជំនាញ និងទី២គឺជាបញ្ហាផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានធ្ងន់ធ្ងរសម្រាប់ពលរដ្ឋចំណាកស្រុកនិងក្រុមបុគ្គលិកជំនាញដែលចាំបាច់ត្រូវផ្លាស់មកធ្វើការងារនៅក្នុងទីក្រុង។
របាយការណ៍ស្រាវជ្រាវចុងក្រោយបានបង្ហាញថា ទីក្រុងខ្វះខាតការផ្គត់ផ្គង់លំនៅដ្ឋានជាមធ្យម៧ម៉ឺនយូនីតរៀងរាល់ឆ្នាំ ហើយបន្ថែមជាមួយនឹងការរៀបចំមជ្ឈដ្ឋានរស់នៅលំបាកទាំងការធ្វើដំណើរ និងបរិស្ថាន ព្រមទាំងមធ្យោបាយធ្វើដំណើរឆ្ងាយពេក សុទ្ធតែជាកត្តាជះឥទ្ធិពលដល់បញ្ហាតាំងលំនៅដ្ឋានសម្រាប់ក្រុមបុគ្គលិកដែលមានជំនាញខ្លាំងៗ។ ជាក់ស្តែងរបាយការណ៍ស្រាវជ្រាវរកឃើញគិតត្រឹមអ្នកធ្វើការនៅក្នុងវិស័យអប់រំប៉ុណ្ណោះប្រមាណជា៥០ភាគរយជួបផលលំបាកក្នុងការស្វែងរកលំនៅដ្ឋានសម្រាប់រស់នៅក្នុងទីក្រុងកាលពីឆ្នាំ២០២៣។
Denver គឺជាទីក្រុងដែលសំបូរទៅដោយការងារធ្វើច្រើនបំផុត ប៉ុន្តែដោយសារតែការប្រមូលផ្តុំនៃក្រុមមនុស្សដែលមានការអប់រំប្រភពផ្សេងគ្នាច្រើនពេក បានបណ្តាលឲ្យការរៀបចំបុគ្គលិកជំនាញឲ្យចំទៅនឹងការងាររបស់ពួកគេបែរជាផ្ទុយគ្នាទៅវិញ ហើយបញ្ហានៃការធ្វើការងារខុសជំនាញនេះបានធ្វើឲ្យទីក្រុងខាតបង់គិតជាទឹកប្រាក់រហូតទៅដល់៤០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ កង្វះខាតបុគ្គលិកជំនាញក៏ចូលរួមចំណែកសំខាន់ដោយសារតែបញ្ហាផ្គត់ផ្គង់លំនៅដ្ឋាននៅមានទាបផងដែរ ជាក់ស្តែងគិតត្រឹមការងារក្នុងវិស័យសំណង់រដ្ឋធ្លាប់បានដាក់ចេញនូវដំណោះស្រាយដូចជាការផ្តល់អាហាររូបករណ៍គ្រប់សិស្សដែលបញ្ចប់វិទ្យាល័យលើមុខវិជ្ជានេះទៀតផង។
ដូចដែរអ្វីដែលបានស្រាវជ្រាវខាងលើ វាគឺជាមេរៀនគួរឲ្យរៀនសូត្របំផុតសម្រាប់បណ្តាទីក្រុងនានាដែលនឹងអាចទទួលបានកំណើនសេដ្ឋកិច្ចខ្លាំង ដូចជាការវិនិយោគឲ្យបានច្រើនទៅលើការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីបណ្តុះបណ្តាលបុគ្គលិកឲ្យត្រូវទៅនឹងតំរូវការងារនាពេលអនាគតដើម្បីធានាឲ្យបានថាចន្លោះប្រហោងនេះមានទំហំតូចបំផុតនៅពេលដែលមានការវិនិយោគ និងការបង្កើតអាជីវកម្មកាន់តែច្រើនឡើងនៅក្នុងទីក្រុង។
មួយវិញទៀត ការរៀបចំយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍលំនៅដ្ឋានឲ្យបានខ្លាំង និងល្អប្រសើរ ជាពិសេស ចំពោះក្រុមអ្នកអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងការរៀបចំតំបន់ដែលស្ថិតនៅជុំវិញក្រុងទៅជាតំបន់លំនៅដ្ឋានទុកជាមុន ពីព្រោះថាវានឹងធ្វើតម្លៃថ្លៃដើមក្នុងការសាងសង់មានកម្រិតទាប។ លើសពីនេះទីក្រុងទាំងឡាយក៏មិនគួរមើលរំលងនឹងការបង្កើនការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធគាំទ្រចរាចរណ៍ក្នុងទីក្រុង ក៏ដូចជារៀបចំអភិវឌ្ឍទៅលើប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងករណីដូចទៅនឹងទីក្រុង Denver បច្ចុប្បន្ននេះ៕