ភ្នំពេញ ៖ កំពង់​ស្ពឺ​ និង​ស្វាយរៀង ជាខេត្ត​ដែលមានការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគពី​សំណាក់​វិនិយោគិន​ទាំង​ក្នុង ​និងក្រៅ​ប្រទេស ជាក់ស្តែង ក្នុង​រយៈ​ពេល៦ខែដើមឆ្នាំ២០២៤​នេះ ខេត្តទាំងពីរនេះទទួលបានគម្រោ​ងវិ​និ​យោគ​​​ច្រើនជាងគេ​ទាំ​ង​គម្រោងវិនិយោគ​ថ្មី និងគម្រោងពង្រីកផលិត​កម្ម​វិនិយោគ​ និងបានធ្វើឱ្យ​ខេត្ត​ទាំងពីរ​នេះ កាន់តែមានភាពទាក់​ទាញ​ពីសំណាក់​វិនិយោគិន​បរទេស​បន្ថែមទៀត ។​

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ចេញផ្សាយកាលពីដើមខែ​កក្កដា ២០២៤​នេះ​បាន​ឱ្យ​​ដឹ​ងថា ក្នុង​ចំណោម​បណ្ដាខេត្តរាជធានីនៅក្នុង​ប្រទេស​កម្ពុជា កំពង់ស្ពឺ និង​ស្វាយរៀង​ ជា​ខេត្តដែល​ទទួល​បាន​គម្រោងវិនិយោគច្រើន​ជាង​គេ​ ក្នុងនោះ រយៈ​ពេល​៦កន្លងមកនេះ កំពង់ស្ពឺទទួលបានគម្រោង​វិនិ​យោគ​ចំ​នួន៤៣គម្រោង​ និង​ខេត្ត​ស្វាយរៀង​ទទួលបាន​ចំនួន​៤០គម្រោង ខណៈភ្នំពេញ ទទួលបានគម្រោង​វិនិ​យោ​គ​​ចំ​​នួន​២៧គម្រោង ។


គម្រោង​វិនិយោគ​ភាគច្រើន​ដែល​បោះទីតាំង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង​​ គឺជា​គម្រោង​រោងចក្រ​ឧស្សាហកម្ម ជាក់​ស្ដែងគម្រោងពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគផលិត​សំបក​កង់រថ​យន្ត​តម្លៃ ​២១២​លាន​​ដុល្លារក៏មានទីតាំង​នៅខេត្ត​ស្វាយរៀង​ គម្រោង​វិនិយោគ​ផលិត​បន្ទះហ្វ្រាំង​គ្រប់​ប្រភេទតម្លៃ​ ៣០​លាន​ដុល្លា​រ​នៅខេត្តស្វាយរៀង គម្រោងបង្កើតតំបន់​សេដ្ឋកិច្ចពិសេស​មួយ​ក៏នៅខេត្ត​ស្វាយរៀង​ ។​

តើ​កត្តាអ្វី ដែលធ្វើឱ្យវិនិយោគិនជ្រើស​រើស​យក​ខេត្ត​កំពង់ស្ពឺ​ និងខេត្តស្វាយរៀងជាទីតាំង​វិនិយោគរបស់ខ្លួន?

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ​ជាច្រើនបានលើ​ក​បង្ហាញ​ថា តំបន់​មួយចំនួន​នៅខេត្តកំពង់ស្ពឺ ជា​ពិ​សេស​​នៅតាមបណ្ដោយផ្លូវ​លេខ​៣ លេខ​៤ លេខ​៤១ និង​ផ្លូវជាតិលេខ​៥១​ គឺជាតំបន់ដែលមានភាព​ងាយ​ស្រួ​ល​​ក្នុងការ​ដឹកជញ្ជូនទំនិញទៅ​ច្រកព្រំដែន​​ ដូចជាទៅច្រកទ្វារអន្តរជាតិ​កម្ពុជា-ថៃ ​និង​ងាយ​ស្រួល​ក្នុងការ​ដឹក​ទំនិញចេញចូល​កំពង់ផែទឹកជ្រៅ​ក្រុងព្រះសីហនុ​ជាដើម ។​


គួរកត់សម្គាល់ថា សម្រាប់ពេញ ១ឆមាស ​ក្នុងឆ្នាំ២០២៤​នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៩០​គម្រោង ​ហើយគ្រាន់តែខេត្ត​កំពង់ស្ពឺ ស្វាយរៀង​ និងភ្នំពេញ​បានស្រូបយក​គម្រោង​វិនិយោគ​ប្រមាណ​១១០​​គម្រោងទៅហើយ​ ក្រៅពីនោះ​មាន​ដូចជា​នៅខេត្ត​ព្រះសីហនុ តាកែវ កណ្ដាល កំពង់ឆ្នាំង កំពង់ចាម​កោះកុង កំពត ស្ទឹងត្រែង ត្បូងឃ្មុំ និង​ព្រះវិហារ ៕