ភ្នំពេញ ៖ បើទោះជានាពេលបច្ចុប្បន្ន ទីផ្សារខុនដូរហាក់ត្រូវបានជាប់គាំងអូសបន្លាយមកតាំងពីដើមឆ្នាំ២០២០មកម្ល៉េះក៏ដោយ ក៏គម្រោងខុនដូរមួយចំនួនទៀតនៅតែបន្តមានសកម្មភាពសាងសង់ដើម្បីអាចបញ្ចប់តាមផែនការរបស់ខ្លួន។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៤នេះ គេរំពឹងថា មានគម្រោងខុនដូរបែបប្រណិតចំនួន៤ទៀត ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុង ហើយចំណែកបញ្ចូលទៅក្នុងទីផ្សារប្រមាណ២៥០០យូនីតបន្ថែមទៀត។


បើតាមរបាយការណ៍របស់​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា គម្រោង​ខុនដូទាំង៤ ​ដែល​គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅ​ក្នុងឆ្នាំ២០២៤​នេះ រួមមាន ១.គម្រោង​Royal Platinum មានទីតាំង​នៅ​ខណ្ឌទួល​គោក ២.គម្រោង​ខុនដូ TV Tower One មានទីតាំង​នៅខណ្ឌ​ឬស្សីកែវ ៣.គម្រោង​ខុនដូ City View Residence នៅខណ្ឌដូនពេញ និង​ ៤. គម្រោង​ខុនដូ ​Vue Aston នៅ​ខណ្ឌច្បារ​អំពៅ​ ។

តាមរយៈគម្រោង​ខុនដូទាំង ៤ ​នេះ នឹង​ធ្វើឱ្យទីផ្សារ​ខុនដូ​នក្នុង​ប្រទេសកម្ពុជា​ ជាពិសេស​នៅរាជធានីភ្នំពេញ​នឹងមានការកើនឡើងមួយកម្រិតទៀត ។ ជាក់ស្ដែង​គម្រោង​ខុនដូ Royal Platinum កម្រិតផ្កាយ៥ មានកម្ពស់ ២៨ជាន់ ដែលទើបនឹ​ងសម្ពោធ​កាលពីពេលថ្មីៗនេះ មានបន្ទប់ហូតដល់​ ៨៥១​យូនីត​ឯណោះស្ថិត​ក្នុងទឹកដីខណ្ឌទួលគោក ។

ចំណែក​គម្រោង​ខុនដូ TV Tower One មាន​កម្ពស់​២៩ជាន់ មាន​បន្ទប់ខុដូចំនួន​២៥៣​យូនីត ស្ថិត​នៅសង្កាត់​គីឡូម៉ែត្រលេខ​​ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ គម្រោង​នេះ​រំពឹងថានឹង​បញ្ចប់ទាំងស្រុង​នៅក្នុងឆ្នាំ២០២៤ ។

គម្រោង​ City View Residence ស្ថិតនៅក្នុង​ខណ្ឌដូនពេញ អភិវឌ្ឍន៍ដោយ​ក្រុមហ៊ុន​ Hua Jun Property Development Co.,Ltd ។ ​គម្រោងនេះ ជា​គម្រោង​អគារការិយាល័យ និង​ខុនដូ ដោយ​​មានបន្ទប់សរុប​ចំនួន៤៨០យូនីត ក្នុងនោះ ការិយាល័យមានចំនួន២៨៨ និង​ខុនដូមានចំនួន​២៥២​យូនីត ។

ដោយឡែក គម្រោងអភិវឌ្ឍន៍អគារ​ខុនដូមួយទៀត​ដែល​រំពឹងថានឹង​បញ្ចប់ក្នុងឆ្នាំ២០២៤នេះដែរ​ គឺគម្រោង​ Vue Aston ជា​គម្រោងខុនដូ​ដែលអភិវឌ្ឍន៍​នៅ​ក្នុងទឹកដី​នៃខណ្ឌច្បារ​អំពៅ ជាប់មាត់ទន្លេបាសាក ។ គម្រោងនេះ មានកំពស់​៣៨​ជាន់ និងមានចំនួន​​ ៨៩៥​យូនីត​ ។​

អ្នកនាង​​ គឹម គិន​កេសា នាយិកាប្រតិបត្តិ​ក្រុមហ៊ុន​ CBRE Cambodia បានលើកឡើងថា ក្នុងឆ្នាំ២០២៤​នេះ គម្រោង​បើក​ថ្មី​នៅក្នុងរាជធានីភ្នំពេញ មិនសូវជាមានច្រើនទេ​ ប៉ុន្តែ​គម្រោង​ដែលបានបើកការដ្ឋា​នកាលពីប៉ុន្មានឆ្នាំមុន និង​បាន​ផ្អាក​ដំណើរការ​មួយរយៈ​កាលពីអំឡុ​ងវិបត្តិកូវីដ​១៩​ក៏បានចាប់ផ្ដើម​ដំណើរការ​សាងសង់ឡើង​វិញ ។


អ្នក​បន្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ​សម្រាប់ទីផ្សារ​ខុនដូ ការលក់គម្រោងទាំងត្រៀមបញ្ចប់សាងសង់ និងគម្រោងបញ្ចប់ការសាងសង់រួចរាល់ទាំងស្រុងគឺមានច្រើនជាងអ្នកទិញ មានន័យថា ការផ្គត់ផ្គង់ក្នុងទីផ្សារមួយនេះបាន និងកំពុងលើសតម្រូវការប្រើប្រាស់ ដូច្នេះហើយអ្នកកាន់ចំណែកនៃទីផ្សារលក់បានបង្កើតកម្មវិធី ក៏ដូចជាវិធីសាស្ត្រជាច្រើនដើម្បីជំរុញការលក់ ខណៈដែលអ្នកទិញក៏មានជម្រើសច្រើន និងអាចទិញបានក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារមុនពេលមានវិបត្តិកូវីដ-១៩ ៕