ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤កន្លងទៅនេះ ចិនបានឈរលើលំដាប់ទី២ ដែលមានវិនិយោគិនដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនជាងគេ ខណៈលេខ១គឺជាវិនិយោគិនដែលជាម្ចាស់ប្រទេស (វិនិយោគិនក្នុងស្រុក) ។ នេះ បើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីសម្ពោធបង្គោលផ្លាកឈ្មោះ មហាវិថីស៊ីជីនពីង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា គិតត្រឹម៦ខែដើមឆ្នាំ២០២៤ វិនិយោគិនចិនបានបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាមានទំហំទឹកប្រាក់ប្រមាណ ១,៣ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៤២ភាគរយនៃទំហំវិនិយោគសរុបក្នុងឆមាសទី១ ឆ្នាំ២០២៤ ។
ឯកឧត្តមបានបន្តថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ និងសូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាដៃគូដ៏សំខាន់មួយគាំទ្រដល់ការអភិវឌ្ឍន៍នៅកម្ពុជាយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនមានលក្ខខណ្ឌស្មុគ្រស្មាញ ។ ឯកឧត្តមមានសុទិដ្ឋិនិយមថា កម្ពុជានិងចិន នឹងបន្តរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនេះតកូនចៅជំនាន់ក្រោយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នគម្រោងធំៗជាច្រើនក្រោមការវិនិយោគរបស់វិនិយោគិនចិន និងបានលេចចេញជារូបរាងរូមមាន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានសៀមរាបអង្គរ ។ ចំណែកអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្លូវល្បឿលឿនភ្នំពេញ -បាវិត ក៏បាន និងកំពុងដំណើរការសាងសង់ ដែលនឹងលេចរូបរាងឡើងនៅពេលអនាគតផងដែរ ។ ក្នុងនោះបើនិយាយតែក្នុងក្របខណ្ឌនៃការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាវិញ មិត្តចិនឈរជាប្រទេសលំដាប់ទី១ ដែលបាន និងកំពុងផ្ដល់ឥណទានសម្បទានជាជំនួយជាច្រើន សរុបប្រមាណ ៣ពាន់លានដុល្លារអាមេរិក ដោយបានសាងសង់ខ្សែផ្លូវប្រវែងសរុបជាង ៤ពាន់គីឡូម៉ែត្រ និងស្ពានធំៗសរុបចំនួន១៦ស្ពាន ប្រវែងសរុបប្រមាណ ១ម៉ឺន ៤ពាន់ម៉ែត្រ ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងវិនិយោគធំៗក្រោមការវិនិយោគរបស់វិនិយោគិនចិនដែលកំពុងស្ថិតនៅក្នុងដំណើរការសាងសង់រួមមានផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងពង្រីកផលិតកម្មរោងចក្រផលិតសំបកកង់ឡាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ ខេត្តស្វាយរៀង និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតដូចជាអគារខ្ពស់ៗ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ៕