ភ្នំពេញ ៖ បើទោះបីជាសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដោយគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ នេះបើយោងតាមការព្យាការណ៍នៅក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

នៅឆមាសទី១ ឆ្នាំ២០២៤ សេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើងជាមួយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយ។ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងស៊ីស្រាអែល-ក្រុមហាម៉ាសនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ ដែលបានប៉ះពាល់ដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាជនជាច្រើនលាននាក់ ព្រមទាំងធ្វើឱ្យទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសធំៗមួយចំនួនមានភាពល្អក់កករកាន់តែខ្លាំង។
តានតឹងភូមិសាស្ត្រនយោបាយទាំងនេះគឺជាឧបសគ្គដល់សន្ទុះការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងបង្កើនភាពមិនច្បាស់លាស់លើការកើនឡើងនៃអតិផរណា។ ក្នុងស្ថានភាពនេះ បើទោះជាអតិផរណាបានថយចុះជាបន្តបន្ទាប់ក៏ដោយ ក៏បណ្តាធនាគារកណ្តាលធំៗមួយចំនួន ជាពិសេស ធនាគារកណ្តាលអាមេរិកមិនទាន់កាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួននៅឡើយទេ។ បញ្ហាភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជា និងបញ្ហាដែលបានកើតឡើងនៅក្នុងស្រុក បានធ្វើឱ្យតំបន់នានាលើពិភពលោកទទួលបានកំណើនក្នុងល្បឿនខុសៗគ្នា។

យ៉ាងណាមិញ នៅសហភាពអឺរ៉ុប កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថាសម្រេចបានក្នុងអត្រាទាប។ នៅប្រទេសចិន វិបត្តិអចលនទ្រព្យ ភាពតានតឹងពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កត្តាប្រជាសាស្ត្រ និងការកើនឡើងនៃថ្លៃពលកម្ម បាន និងកំពុងបន្ថយល្បឿនកំណើនសេដ្ឋកិច្ច ដែលបញ្ហានេះនាំឱ្យប៉ះពាល់ដល់ការងើបឡើងនៃ សេដ្ឋកិច្ចតំបន់និងពិភពលោកផងដែរ។ ដោយឡែក សេដ្ឋកិច្ចសហរដ្ឋអាមេរិកមានវឌ្ឍនភាពល្អ ដោយសារការកើនឡើងនៃតម្រូវការក្នុងស្រុក និងការចំណាយសាធារណៈ ទោះបីជានយោបាយរូបិយវត្ថុរឹតត្បិតត្រូវបានបន្តអនុវត្ត។

យ៉ាងណាក៏ដោយ ទោះជាប្រឈមនឹងបញ្ហានានាពីខាងក្រៅក្តី លោកជំទាវបណ្ឌិត ជា សិរី ទេសសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា នៅកម្ពុជា ការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខរាជរដ្ឋាភិបាល កំពុងត្រូវបានអនុវត្តដោយពិសេស ដែលបានជ្រោងសេដ្ឋកិច្ចកម្ពុជាឱ្យបន្តកើនឡើងប្រមាណ ៦,៣% នៅឆមាសទី១ និងត្រូវបានព្យាករថាមានអត្រា ៦% សម្រាប់ឆ្នាំ២០២៤ ដែលខ្ពស់ជាងឆ្នាំមុន (៥%)។

លោកជំទាវ បានថ្លែងថា កំណើននេះត្រូវបានគាំទ្រជាចម្បងដោយកំណើនវិស័យកាត់ដេរ និងទេសចរណ៍។ ជាក់ស្តែង ការនាំចេញផលិតផលកាត់ដេរកើន ១៧,២% ការនាំចេញផលិតផលកសិកម្មកើន ៤៧,៨% ខណៈដែល ចំនួនភ្ញៀវអន្តរជាតិបានកើនឡើង ២១,២%។ ដោយឡែក វិស័យសំណង់ និងអចលនទ្រព្យ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចកម្ពុជា បន្តទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅ ដោយត្រូវបានរំពឹងថាមានកំណើនត្រឹម ១,៤% និង ០,៨% រៀងគ្នា។ កំណើនទាបនៃវិស័យនេះគួបផ្សំនឹងកម្រិតទាបជាងមុននៃចំណាយរបស់ភ្ញៀវអន្តរជាតិបានប៉ះពាល់មួយផ្នែកដល់ចំណូលរបស់ប្រជាពលរដ្ឋ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការប្រើប្រាស់ និងសកម្មភាពក្នុងវិស័យផ្សេងទៀត ជាពិសេសការជួញដូរដុំ ​និងរាយ។


កាលពីខែមេសា ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា​ សេដ្ឋកិច្ចកម្ពុជានឹង​កើន​ឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,០% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយការរំពឹងទុកជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និង​ការស្ទុះ​ឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

នាយិកាប្រចាំប្រទេសកម្ពុជា​​របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា ​ ADB រំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរសម្លៀក​បំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT)​ ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមានដែលបានកើតឡើង​ក្នុង​ត្រីមាស​​ចុងក្រោយនៃឆ្នាំ២០២៣។

លោកស្រី Jyotsana Varma បានបន្ត​ថា បញ្ហា​ប្រឈមនានាពីខាងក្រៅ​បន្ថែម​ភាព​ស្មុគស្មាញ​ដល់ទស្សនវិស័យនៃ​សេដ្ឋកិច្ច​​កម្ពុជា ​ប៉ុន្តែកម្ពុជា​កំពុង​ឈាន​ទៅ​មុខ​ជាមួយនឹង​សុទិដ្ឋិនិយមប្រកបដោយភាពប្រយ័ត្នប្រយែង។

ទន្ទឹមនេះ ធនាគារពិភពលោក (World Bank) បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករទុកថា​នឹង​មាន​កំណើនដល់​ ៥,៨% ក្នុង​ឆ្នាំ​២០២៤ និង​ ៦,១%​ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​នឹង​​​ការ​រំពឹង​ទុកអំពី​ការ​កើនឡើង​នូវ​ការ​វិនិយោគហេដ្ឋា​រចនាសម្ព័ន្ធ និង​អំពី​អត្ថ​ប្រយោជន៍​ដែល​នឹង​កើតចេញពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ចកម្ម​នានាដែល​កម្ពុជា​មានជាមួយ​បណ្តា​ប្រទេស​​នៅ​ក្នុង​តំបន់។