ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ ស្មើនឹង ៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ មា ន របស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី២៦ ខែកក្កដា ។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារបានឱ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលចំណូលបានប្រមាណ ២៤៨,៣៣លានដុល្លារ ស្មើនឹង៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។
ឯកឧត្តម គង់ វិបុល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋាពន្ធដារ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងសម្រួលពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេស អនុវត្តគោលនយោបាយពន្ធដារដែលបានសម្រួល និងលើកកម្ពស់បន្ថែមទៀតនូវបរិយាកាសធុរកិច្ចដល់វិនិយោគិនក្នុងស្រុក សំដៅសម្រួលដល់ការវិនិយោគ និងការប្រកបអាជីវកម្មឱ្យកាន់តែមានភាពងាយស្រួល និងទទួលបានប្រាក់ចំណេញ ឈានទៅបន្តទាក់ទាញបន្ថែមទៀតនូវវិនិយោគិនបរទេស ឱ្យចូលមកកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រី្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។ ជាពិសេសបន្តរៀបចំ និងពង្រឹងការអនុវត្តនូវមុខងារ តួនាទី និងភារកិច្ចរបស់អង្គភាពពន្ធដារដែលទើបបង្កើតថ្មី «អង្គភាពសវនកម្មពិសេស»។
ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយ និងពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើអចលនទ្រព្យពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ រួមទាំងត្រូវពង្រឹងតម្លាភាព និងគណនេយ្យភាពនៃការបង់ពន្ធរបស់សហគ្រាសក្នុងវិស័យផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា។ ការណ៍នេះ ត្រូវបន្តពង្រឹងអនុវត្តយន្តការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ឱ្យបានរួចរាល់គ្រប់សហគ្រាស ការចុះត្រួតពិនិត្យឧបករណ៍វាស់ចំណុះ (Flowmeter) ក្នុងខ្សែច្រវាក់ផលិតកម្មដល់ទីតាំង ដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានពន្ធដារ និងការបន្តពង្រឹងការអនុវត្តការងារ និងវត្តមានរបស់មន្ត្រីប្រចាំការ។
គួររំលឹកដែរថា ៖ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាថវិកាជាតិបានប្រមាណ ៣ ៥៧១,៧០លានដុល្លារ ស្មើនឹង១០១,១៣ភាគរយ ៕