ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បាន​កំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅ​នៃការអភិវឌ្ឍ​ ដោយ​រាជរដ្ឋាភិបាល​បានចំណាយថវិកា​រាប់​រយ​លានដុល្លារ​អភិវឌ្ឍន៍ផ្លូវ​ទៅកាន់​តំបន់​ឆ្នេរ មានទាំង​ផ្លូវជាតិ និងផ្លូវ​ល្បឿនលឿន ក្នុងនោះដែរ ផ្លូវចំនួន​៤ខ្សែ​ដែលតភ្ជាប់ចេញពីភ្នំពេញ បាន​ និង​​កំពុង​សាងសង់​លើ​កកម្រិត​គុណភាពគ្រោងនឹ​ង​​ប​ញ្ចប់​​​ទាំង​ស្រុង​នៅឆ្នាំ២០២៦​ខាងមុខនេះ ដោយ​បានចំណាយ​ថវិកាអស់​ជាង​២៥០លានដុល្លារ​អាមេរិក​ ។​

គម្រោងផ្លូវ​ទាំង​៤ខ្សែ​ដែលរាជរដ្ឋាភិបាន​បើក​ការដ្ឋា​ន​ និងកំពុង​មមាញឹក​ក្នុងកា​រសាងសង់នោះ រួមមាន​ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុច​ថ្នល់ទទឹង​​​​ ខេត្តកំពង់ស្ពឺ​ ទៅកាន់​ផ្លូវជាតិលេខ​៣ ​ក្នុង​ខេត្ត​កំពត និងបន្តទៅកាន់ទីរួមខេត្ត​កំពត ។ ផ្លូវនេះ​​ត្រូវបានរាជរដ្ឋាភិបាល​គ្រោង​ថវិកា​ចំណាយ​ប្រមាណ៦៧​លានដុល្លារ​អាមេរិក និង​គ្រោង​បញ្ចប់​នៅឆ្នាំ២០២៦​ ។


ចំណែក​ផ្លូវជាតិលេខ​៣១​ ដែលតភ្ជាប់ពីផ្លូវជាតិលេខ​៣ ​ត្រង់ចំណុ​ច​បែកគុស​ទៅកាន់​ទីរួម​ស្រុកកំពង់​ត្រាច ក៏បានបើកការដ្ឋាន និង​សាងសង់​បានជិត១០០ភាគរយ​ហើយ ។ ផ្លូវនេះ​មានសារ​សំខាន់​ក្នុងការ​តភ្ជាប់ពី​ភ្នំពេញ​ទៅកាន់ស្រុកកំពង់​ត្រាច​ និងតភ្ជាប់ផ្លូវជាតិលេខ​៣៣​ ​ដោយ​រដ្ឋាភិបាលគ្រោងចំណាយថវិការ​ប្រមា​ណ​​​៦​០​​លានដុល្លារ​អាមេរិក ហើយរំពឹងថា​នឹង​បញ្ចប់​ក្នុងឆ្នាំ២០២៦​នេះ ។ ​ដោយឡែក​ផ្លូវជាតិលេ​ខ៣៣​ ដែលតភ្ជាប់ពីកំពង់ត្រាច​ទៅកាន់ទីរួម​ខេត្ត​កំពត ដោយបាន​កាត់តាម​ក្រុង​កែប ខេត្តកែប ក៏នឹង​បញ្ចប់​នៅពេលឆាប់ៗនេះដែរ ។ ផ្លូវ​ជាតិលេខ​៣៣​ ត្រូវ​បាន​ចំណាយថវិកា​សាងសង់អស់ប្រមាណ៦១លានដុល្លារ​អាមេរិក​ ។ គិតត្រឹម​បច្ចុប្បន្ន​នេះ គម្រោង​លើ​កកម្រិត​គុណភាពផ្លូវជាតិលេខ​៣៣​សម្រេច​វឌ្ឍនភាព​ប្រមា​ណ​៩០ភាគរយ​ហើយ ។​

បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏សំខាន់មួយទៀត ដែល​តភ្ជាប់ពីផ្លូវជាតិលេខ​៤ ត្រង់ចំណុច​ស្រែអំបិលទៅកាន់ទីរួម​ខេត្តកោះ​គឺផ្លូវ​ជាតិ​លេ​ខ៤៨ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់​សមុទ្រ​នៃខេត្ត​កោះកុងតាមរយៈផ្លូវជាតិលេខ៤ ​​​ត្រូវ​បាន​រាជ​រដ្ឋាភិ​បា​ល​​​​​ចំណាយថវិកា​ប្រមាណ​៦៥​លានដុល្លារអាមេរិក​ ដើម្បី​អភិវឌ្ឍន៍ ​។ ជារួម គិតត្រឹម​ចុង​ខែ​កក្កដា ឆ្នាំ ២០២៤នេះ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ​៤៨​នេះ សម្រេច​បានលទ្ធផល​ប្រមាណ ៦៣,៣១​ភាគរយ ដោយគ្រោងនឹ​ងបញ្ចប់​នៅឆ្នាំ២០២៥​ខាងមុខនេះ ។


ក្រៅពីផ្លូវ​សំខាន់ៗទាំង​៤នេះរាជរដ្ឋាភិបាលក៏បានចំណាយ​ថវិកា​រាប់រយ​លានដុល្លារអាមេរិក​ក្នុងការអភិ​វឌ្ឍ​ដើម្បីតភ្ជាប់​បណ្ដាខេត្ត​តាមព្រំដែន គឺគម្រោងផ្លូវជាតិលេខ​១០ តភ្ជាប់ពីខេត្ត​បាត់​ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុង ។ ផ្លូវ​នេះ ត្រូវបាន​រាជរដ្ឋាភិបាលគ្រោង​ចំណាយថវិកា​ប្រមាណជិត​២០០លានដុល្លារ​អាមេរិក​ផងដែរ ។​

​គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​​បានផ្ដោតការ​យកចិត្តទុកដាក់​ និងជំរុញការ​វិនិយោគ​ក្នុងតំបន់ឆ្នេរ​ ដោយទទួលបាន​នូវ​លទ្ធផលគួរឱ្យកត់សម្គាល់។ កាលពីចុងឆ្នាំ២០២៣​កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលថ្មី សម្ដេច​មហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញនូវ​កម្មវិធីពិសេសជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ ហើយក៏មានវិនិយោគិនជាច្រើនចាប់ផ្ដើមស្វែងរកការ​វិនិយោគក្នុង​តំបន់នេះ​ឱ្យទាន់ពេលវេលា​ដែល​រដ្ឋបានផ្ដល់ការលើកលែង​​ពន្ធមួយចំនួន​ ។ក្រៅពីនេះ​តំបន់​ឆ្នេរ​នៃខេត្ត​កំពត ក៏​មានការអភិវឌ្ឍ​លើ​កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ និង​កំពង់ផែទេសចរណ៍ ដែលសមិទ្ធផល​ទាំង​នេះ សុទ្ធសឹងតែ​ទាក់ទាញ​ដល់ការ​វិនិយោគ​ក្នុង និងក្រៅ​ប្រទេស​បន្ថែមទៀត​នាពេលអនាគត ។ អ្វីដែលពិសេស​នោះ គឺគម្រោងព្រែកជីកហ្វូណន​តេជោ ​ដែលទើប​បើកការដ្ឋានកាលពីថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០២៤ ក៏បានភ្ជាប់ផ្លូវដឹកជញ្ជូន​ថ្មីតាមផ្លូវទឹក ពី​កំពង់ផែទឹកសាប​ទៅ​កំពង់ផែសមុទ្រទឹកជ្រៅ​ ហើយក៏នឹ​ងធ្វើឱ្យកម្ពុជា​កាន់តែមានសក្ដានុពល​ និងកិត្តិនាម​លើ​ឆាកអន្តរជាតិផងដែរ ៕