ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកតំបន់ឆ្នេរជាគោលដៅនៃការអភិវឌ្ឍ ដោយរាជរដ្ឋាភិបាលបានចំណាយថវិការាប់រយលានដុល្លារអភិវឌ្ឍន៍ផ្លូវទៅកាន់តំបន់ឆ្នេរ មានទាំងផ្លូវជាតិ និងផ្លូវល្បឿនលឿន ក្នុងនោះដែរ ផ្លូវចំនួន៤ខ្សែដែលតភ្ជាប់ចេញពីភ្នំពេញ បាន និងកំពុងសាងសង់លើកកម្រិតគុណភាពគ្រោងនឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២៦ខាងមុខនេះ ដោយបានចំណាយថវិកាអស់ជាង២៥០លានដុល្លារអាមេរិក ។
គម្រោងផ្លូវទាំង៤ខ្សែដែលរាជរដ្ឋាភិបានបើកការដ្ឋាន និងកំពុងមមាញឹកក្នុងការសាងសង់នោះ រួមមានផ្លូវជាតិលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ទៅកាន់ផ្លូវជាតិលេខ៣ ក្នុងខេត្តកំពត និងបន្តទៅកាន់ទីរួមខេត្តកំពត ។ ផ្លូវនេះត្រូវបានរាជរដ្ឋាភិបាលគ្រោងថវិកាចំណាយប្រមាណ៦៧លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ។
ចំណែកផ្លូវជាតិលេខ៣១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ ត្រង់ចំណុចបែកគុសទៅកាន់ទីរួមស្រុកកំពង់ត្រាច ក៏បានបើកការដ្ឋាន និងសាងសង់បានជិត១០០ភាគរយហើយ ។ ផ្លូវនេះមានសារសំខាន់ក្នុងការតភ្ជាប់ពីភ្នំពេញទៅកាន់ស្រុកកំពង់ត្រាច និងតភ្ជាប់ផ្លូវជាតិលេខ៣៣ ដោយរដ្ឋាភិបាលគ្រោងចំណាយថវិការប្រមាណ៦០លានដុល្លារអាមេរិក ហើយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២៦នេះ ។ ដោយឡែកផ្លូវជាតិលេខ៣៣ ដែលតភ្ជាប់ពីកំពង់ត្រាចទៅកាន់ទីរួមខេត្តកំពត ដោយបានកាត់តាមក្រុងកែប ខេត្តកែប ក៏នឹងបញ្ចប់នៅពេលឆាប់ៗនេះដែរ ។ ផ្លូវជាតិលេខ៣៣ ត្រូវបានចំណាយថវិកាសាងសង់អស់ប្រមាណ៦១លានដុល្លារអាមេរិក ។ គិតត្រឹមបច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣សម្រេចវឌ្ឍនភាពប្រមាណ៩០ភាគរយហើយ ។
បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដ៏សំខាន់មួយទៀត ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រែអំបិលទៅកាន់ទីរួមខេត្តកោះគឺផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់សមុទ្រនៃខេត្តកោះកុងតាមរយៈផ្លូវជាតិលេខ៤ ត្រូវបានរាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ៦៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ ។ ជារួម គិតត្រឹមចុងខែកក្កដា ឆ្នាំ ២០២៤នេះ គម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ៤៨នេះ សម្រេចបានលទ្ធផលប្រមាណ ៦៣,៣១ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ ។
ក្រៅពីផ្លូវសំខាន់ៗទាំង៤នេះរាជរដ្ឋាភិបាលក៏បានចំណាយថវិការាប់រយលានដុល្លារអាមេរិកក្នុងការអភិវឌ្ឍដើម្បីតភ្ជាប់បណ្ដាខេត្តតាមព្រំដែន គឺគម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅកាន់ខេត្តកោះកុង ។ ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណជិត២០០លានដុល្លារអាមេរិកផងដែរ ។
គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ និងជំរុញការវិនិយោគក្នុងតំបន់ឆ្នេរ ដោយទទួលបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ កាលពីចុងឆ្នាំ២០២៣កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលថ្មី សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ហើយក៏មានវិនិយោគិនជាច្រើនចាប់ផ្ដើមស្វែងរកការវិនិយោគក្នុងតំបន់នេះឱ្យទាន់ពេលវេលាដែលរដ្ឋបានផ្ដល់ការលើកលែងពន្ធមួយចំនួន ។ក្រៅពីនេះតំបន់ឆ្នេរនៃខេត្តកំពត ក៏មានការអភិវឌ្ឍលើកំពង់ផែអន្តរជាតិទឹកជ្រៅ និងកំពង់ផែទេសចរណ៍ ដែលសមិទ្ធផលទាំងនេះ សុទ្ធសឹងតែទាក់ទាញដល់ការវិនិយោគក្នុង និងក្រៅប្រទេសបន្ថែមទៀតនាពេលអនាគត ។ អ្វីដែលពិសេសនោះ គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក៏បានភ្ជាប់ផ្លូវដឹកជញ្ជូនថ្មីតាមផ្លូវទឹក ពីកំពង់ផែទឹកសាបទៅកំពង់ផែសមុទ្រទឹកជ្រៅ ហើយក៏នឹងធ្វើឱ្យកម្ពុជាកាន់តែមានសក្ដានុពល និងកិត្តិនាមលើឆាកអន្តរជាតិផងដែរ ៕