បាត់ដំបង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានមានប្រសាសន៍ថា គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល។
ការលើកឡើងខាងលើនេះ ត្រូវបានធ្វើឡើងកាលនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ នៅក្នុងកម្មវិធីប្រកាសតំបន់វិនិច្ឆ័យសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន នៅឃុំព្រះផុស និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ៖
«គោលនយោបាយដីសម្បទានសង្គមកិច្ច គឺជាគោលនយោបាយដ៏ត្រឹមត្រូវបំផុតរបស់រាជរដ្ឋាភិបាល សម្រាប់គិតគូរកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ហើយពួកយើងមកថ្ងៃនេះ គឺចង់ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបបន្ថែមថា ពេលនេះកម្មវិធីនេះ មិនមែនត្រឹមតែដើម្បីចែកដីជូនបងប្អូនប៉ុណ្ណោះទេ តែដើម្បីកែប្រជិវិតរបស់បងប្អូនឱ្យកាន់តែមានភាពស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ដើម្បីដាំដំណាំ ចិញ្ចឹមសត្វ និងគិតគូរលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីឱ្យបងប្អូនមានជីវភាពល្អប្រសើជាងថ្ងៃម្សិលមិញ»។
គួរបញ្ជាក់ដែរថា សម្បទានដីសម្រាប់គោលដៅសង្គមកិច្ច ឬហៅកាត់ថា សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីតាមផ្លូវច្បាប់ ដូចមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ ២០០១ ដើម្បីធ្វើការផ្ទេរដីជាទ្រព្យឯកជនរបស់រដ្ឋទៅឱ្យបុគ្គលឯកជន ឬ ក្រុមមនុស្ស សម្រាប់គោលដៅសង្គមកិច្ច គឺដើម្បីសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ ។ ច្បាប់ភូមិបាល និងអនុក្រឹត្យ ស្តីពីសម្បទានដីសង្គមកិច្ច នឹងផ្តល់នូវមូលដ្ឋានខាងផ្លូវច្បាប់សម្រាប់កិច្ចការនេះ ។ គោលនយោបាយនេះនឹងបកស្រាយអំពីទស្សនៈទាក់ទងនឹងរបៀបរបបធ្វើការងារនៅក្នុងយន្តការចាត់ចែងសម្បទានដី សង្គមកិច្ច ។
សម្បទានដីសង្គមកិច្ច អាចត្រូវបានយកមកប្រើក្នុងស្ថានភាពជាច្រើន ដើម្បីដោះស្រាយតម្រូវការដី និងចាត់ចែងការប្រើប្រាស់ដីក្នុងគោលដៅសង្គមកិច្ច ដូចជា : កង្វះដីសង់លំនៅឋាន ភាពគ្មានដី តម្រូវការដីសម្រាប់ការតាំងទីលំនៅជាថ្មី ការចែកដីដោះមីនរួច ការអភិវឌ្ឍលំនៅឋាន និងដីឡូត៍ សម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតរបស់កម្មករចំការធំៗ ។ ក្រៅពីនេះ នៅមានសំណូមពរបែងចែកដីសម្រាប់គោលដៅសង្គមកិច្ចដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ យោធិនរំសាយ និងគ្រួសារយុទ្ធជនពលី ពិការ ។ សម្បទានដីសង្គមកិច្ច ក៏អាចត្រូវបានប្រើនៅក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចទូលំទូលាយនានា ដូចជា ការសង់លំនៅឋានសង្គមកិច្ច ការតាំងទីលំនៅជាថ្មី ការអភិវឌ្ឍសហគមន៍ ការស្ដារស្ថានភាពក្រោយពីគ្រោះធម្មជាតិ ការអភិវឌ្ឍដីថ្មី…. ។ សម្បទានដីសង្គមកិច្ច ជាយន្តការមួយក្នុងចំណោមយន្តការឯទៀត ដើម្បីឱ្យរដ្ឋអាចផ្ទេរដីជាទ្រព្យឯកជនរបស់រដ្ឋសម្រាប់ប្រើប្រាស់ក្នុង ផលិតកម្ម ហើយយន្តការនេះមានសារៈសំខាន់ណាស់ ពីព្រោះជាយន្តការតែមួយគត់ដែលមានគោលដៅសង្គមកិច្ច ។ ដូច្នេះ យន្តការនេះមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ៕