ភ្នំពេញ ៖ បើគ្មានការប្រែប្រួលទេ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងបើកការដ្ឋានសាងសង់នៅរយៈពេល១០ខែទៀត អាចរង្វង់ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។នេះបើតាមការឱ្យដឹងរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ៖ ការសិក្សាលម្អិតចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) បានបើកកិច្ចប្រជុំពិនិត្យបិទបញ្ចប់របាយការណ៍ចុងក្រោយ និងបានឯកភាពលើរបាយការណ៍រួចរាល់ ដែលជាផ្នែកចម្បងដើម្បីបើកផ្លូវសម្រាប់ដំណើរការបើកការដ្ឋានសាងសង់ និងដើម្បីភាពប្រាកដប្រជានៅពេលគម្រោងចាប់ផ្តើមសាងសង់ នឹងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក ហើយផ្នែកដ៏សំខាន់នៃដំណាក់កាលបន្ទាប់ គឺការគូរប្លង់សាងសង់លម្អិតនៃគម្រោង (Details Design)។
អ្នកនាំពាក្យបានជម្រាបថា៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ ដែលតម្លៃគម្រោងកិច្ចសន្យាមានតម្លៃ ២៣៥លានដុល្លារអាមេរិក និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ។ ទីតាំងនៃគម្រោងនេះគឺស្ថិតនៅផ្សាររាត្រី-ជ្រោយចង្វារ-អរិយក្សត្យ(ភ្នំពេញ-ក្រុងអរិយក្សត្យ ខេត្តកណ្ដាល)។
គម្រោងនេះ ប្រភេទស្ពានខ្សែកាប(Two cable stayed bridges)មានប្រវែងនៃស្ពានសរុប ២.៣៧៥ម៉ែត្រ និងទទឹង ២៧,៥ម៉េត្រ ,ប្រវែងផ្លូវក្បាលស្ពានសរុប(Approach road)១.១៧៤ម៉ែត្រ(ទទឹងផ្លូវ ២២,៥ ម៉ែត្រ)។
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖ ស្ពានទី ១ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និងស្ពានទី២ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)៕