ភ្នំពេញ ៖កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ នេះ ប្រមូល​ចំណូល​ដោយ​មិន​ទាន់​ធ្វើ​សវនកម្មបានចំនួនសរុបប្រមាណ ជាង ២៧ លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយបើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ។

​សេចក្តីប្រកាសពត៌មានដដែលនេះបានឱ្យដឹងថា សម្រាប់ការ​ប្រមូល​ចំណូល​ប្រចាំខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញអនុវត្តការ​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយបើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​ឆ្នាំ​មុន ដោយ​ក្នុងនោះ ការប្រមូលចំណូលពីប្រតិបត្តិការផែបានចំនួន ៣,៨ លានដុល្លារអាម៉េរិក, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៤ម៉ឺនដុល្លារ។


របាយការណ៍បានបញ្ជាក់ថា ការប្រមូលចំណូល​ដោយ​មិន​ទាន់ធ្វើសវនកម្មរបស់កំពង់ផែស្វយ័តភ្នំពេញនៅក្នុងរយៈ ៨ខែ ឆ្នាំ២០២៤ មានចំនួនសរុបជាង ២៧ លានដុល្លារ​អាម៉េរិក​ កើនឡើងជាង ១៥ ភាគរយ ហើយក្នុងនោះការ​ប្រមូល​ចំណូល​ពី​ប្រតិបត្តិការផែ បានចំនួនជាង ២២ លានដុល្លារអាម៉េរិក ចំណូលពីអាជ្ញាធរផែជាង ៣ លាន​ដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង៩៦ម៉ឺនដុល្លារ។

គួរបញ្ជាក់ដែរថា សម្រាប់តែខែសីហា ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់មានចំនួន ៥៣៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហាឆ្នាំ២០២៣។ ចំណែកបរិមាណនាវាដឹកអ្នកដំណើរចូលចតកំពង់ផែស្វយ័តភ្នំពេញនៅខែសីហា មានចំនួន ៤៩គ្រឿង កើន ៣៦ភាគរយ ធៀបនឹងខែសីហា ឆ្នាំ២០២៣៕