ភ្នំពេញ ៖ ​របាយការណ៍​របស់​ក្រុមហ៊ុនជំនាញផ្នែកកត់ត្រា ក្រេឌីត​ប្យូរ៉ូ ខេមបូឌា​​ ( CBC ) បាន​បង្ហាញថា គិតត្រឹម​ដើមខែ​កក្កដា ២០២៤ ចំនួន​គណនីឥណទានមានលក្ខណៈបុគ្គលនៅទូទាំង​ប្រទេស​កើនឡើងដល់​ចំនួនជាង ១,៩២​លា​នគ​ណ​នី​​​ ដោយក្នុងនោះ​ចំនួន​គណនី​នៃកម្ចីអចលនទ្រព្យ​មាន​ប្រមាណ ១០,៥៩ភាគរយ ដែលមា​ន​ចំនួន​​តិចតួច​ ។

របាយការណ៍ដដែលបានបង្ហាញផងដែរពីសមតុល្យ​ឥណទាន​លក្ខណៈ​បុគ្គលសម្រាប់ប្រើប្រាស់​ផ្ទាល់​ខ្លួន​មានចំនួន​រហូតដល់ ១៥,៣១​ពាន់​លានដុល្លារ​អាមេរិក ហើយសម្រាប់​ទំហំ​កម្ចី​ក្នុងវិស័យ​អចលនទ្រព្យ​មាន​ទំហំ​រហូតដល់​ជាងកណ្ដាល​នៃសមតុល្យ​ឥណទាន​មានលក្ខណៈសម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន ដោយ​មាន​ទំ​ហំរ​ហូត​ដល់ ៥២,៩២​ភាគរយ​ ។

បើតាម​លោក អឿ សុធារ័ត្ន ប្រធាននាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា​ តម្រូវការ​ពាក្យ​ស្នើ​សុំ​ឥណទានបុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានកា​រ​ថយ​ចុះ​ ប៉ុន្តែ​សមិទ្ធផលឥណទាន​លក្ខណៈបុគ្គល​សម្រាប់ប្រើប្រាស់​ផ្ទាល់ខ្លួន​នៅតែ​វិជ្ជមាន​ ជាមួយ​ចំនួន​គណនី​ និងសមតុល្យ​ ។

អ្នកនាង លាវ ហ្គេច​លាង​ មន្ត្រីទំនាក់ទំនង​នៃ​​ក្រុមហ៊ុន​ ក្រេឌីត​ប្យូរ៉ូ ខេមបូឌា បាន​ប្រាប់ AMS Economy នៅរសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា​ កម្ចីអចលនទ្រព្យ​ដែលអតិថិជន​បានដាក់ពាក្យ​ស្នើ​សុំ​យក​ទៅប្រើប្រាស់រួមាន​ដូចជា​ កម្ចីទិញផ្ទះ ទិញដី​ អគារ និង​កម្ចីសម្រាប់បើកអាជីវកម្មហាង​ជាដើម ។ យ៉ាងណា​ក្ដី​ បើតាមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា លោក ម៉ា ឌីណា បាន​មានប្រសាសន៍ថា​ ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេ​ស​​សម្រាប់​ការ​វិនិយោគមិនសូវ​មាន​​ច្រើនទេគិតចាប់​តាំងពីក្រោយ​វិបត្តិកូវីដ​១៩​មក​ ប៉ុន្តែ​បើ​សិនជា​តួលេខ​ដែលផ្ដល់ដោយ​ក្រុមហ៊ុន​ CBC ជាក់​លាក់​ពិតមែននោះ វា​គឺជាសញ្ញា​ល្អសម្រាប់​វិស័យ​​នេះទាំង​មូល ។​

លោកបន្តថា ៖
« ​មែនទែនទៅ វិស័យ​អចលនទ្រព្យ​ សម្រាប់អ្នកដែលមានតម្រូវការ​ពិត​ប្រាកដ​នៅតែមាន​ការទិញ – លក់ ហើយបើសិនជា​ម្ចាស់​អចលនទ្រព្យ​ដែល​ដាក់​លក់​ក្រោមទីផ្សារ ក៏មាន​ការ​ទិញ​លក់​ច្រើន​ដែរ ព្រោះ​នោះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​អ្នកមាន​លុយ​មានទុន​សម្រាប់ទិញទិញអភិវឌ្ឍន៍ឬវិនិយោគ​នៅពេលអនាគត​ខាង​មុខ​នេះ ។ បច្ចុប្បន្ននេះ អចលនទ្រព្យ​ដែល​មានទីផ្សារ​ល្អ​ គឺជា​ប្រភេទអចលនទ្រព្យ​ដែល​មានតម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​ ប៉ុន្តែសម្រាប់អចលនទ្រព្យ​ប្រភេទវិនិ​យោគ​ គឺ​មិនទាន់​មាន​សក​ម្ម​ភា​ព​កម្រើក​ដូច​មុននោះទេ ដោយសារតែពីមុន​មានកា​រវិនិយោគ​ច្រើន​ ដែលធ្វើឱ្យ​ចាល់ទីផ្សារ​មកដល់បច្ចុប្បន្ន​» ៕