ភ្នំពេញ ៖ របាយការណ៍របស់ក្រុមហ៊ុនជំនាញផ្នែកកត់ត្រា ក្រេឌីតប្យូរ៉ូ ខេមបូឌា ( CBC ) បានបង្ហាញថា គិតត្រឹមដើមខែកក្កដា ២០២៤ ចំនួនគណនីឥណទានមានលក្ខណៈបុគ្គលនៅទូទាំងប្រទេសកើនឡើងដល់ចំនួនជាង ១,៩២លានគណនី ដោយក្នុងនោះចំនួនគណនីនៃកម្ចីអចលនទ្រព្យមានប្រមាណ ១០,៥៩ភាគរយ ដែលមានចំនួនតិចតួច ។
របាយការណ៍ដដែលបានបង្ហាញផងដែរពីសមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួនរហូតដល់ ១៥,៣១ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ទំហំកម្ចីក្នុងវិស័យអចលនទ្រព្យមានទំហំរហូតដល់ជាងកណ្ដាលនៃសមតុល្យឥណទានមានលក្ខណៈសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដោយមានទំហំរហូតដល់ ៥២,៩២ភាគរយ ។
បើតាមលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា បានមានប្រសាសន៍ថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការថយចុះ ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅតែវិជ្ជមាន ជាមួយចំនួនគណនី និងសមតុល្យ ។
អ្នកនាង លាវ ហ្គេចលាង មន្ត្រីទំនាក់ទំនងនៃក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ ខេមបូឌា បានប្រាប់ AMS Economy នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា កម្ចីអចលនទ្រព្យដែលអតិថិជនបានដាក់ពាក្យស្នើសុំយកទៅប្រើប្រាស់រួមានដូចជា កម្ចីទិញផ្ទះ ទិញដី អគារ និងកម្ចីសម្រាប់បើកអាជីវកម្មហាងជាដើម ។ យ៉ាងណាក្ដី បើតាមអ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា លោក ម៉ា ឌីណា បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសសម្រាប់ការវិនិយោគមិនសូវមានច្រើនទេគិតចាប់តាំងពីក្រោយវិបត្តិកូវីដ១៩មក ប៉ុន្តែបើសិនជាតួលេខដែលផ្ដល់ដោយក្រុមហ៊ុន CBC ជាក់លាក់ពិតមែននោះ វាគឺជាសញ្ញាល្អសម្រាប់វិស័យនេះទាំងមូល ។
លោកបន្តថា ៖
« មែនទែនទៅ វិស័យអចលនទ្រព្យ សម្រាប់អ្នកដែលមានតម្រូវការពិតប្រាកដនៅតែមានការទិញ – លក់ ហើយបើសិនជាម្ចាស់អចលនទ្រព្យដែលដាក់លក់ក្រោមទីផ្សារ ក៏មានការទិញលក់ច្រើនដែរ ព្រោះនោះគឺជាឱកាសដ៏ល្អសម្រាប់អ្នកមានលុយមានទុនសម្រាប់ទិញទិញអភិវឌ្ឍន៍ឬវិនិយោគនៅពេលអនាគតខាងមុខនេះ ។ បច្ចុប្បន្ននេះ អចលនទ្រព្យដែលមានទីផ្សារល្អ គឺជាប្រភេទអចលនទ្រព្យដែលមានតម្រូវការប្រើប្រាស់ជាក់ស្ដែង ប៉ុន្តែសម្រាប់អចលនទ្រព្យប្រភេទវិនិយោគ គឺមិនទាន់មានសកម្មភាពកម្រើកដូចមុននោះទេ ដោយសារតែពីមុនមានការវិនិយោគច្រើន ដែលធ្វើឱ្យចាល់ទីផ្សារមកដល់បច្ចុប្បន្ន» ៕