ភ្នំពេញ ៖ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា
សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានបង្ហាញពីសញ្ញាកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងសន្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូ អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងទាំងនេះ បាន និងកំពុងជំរុញទាំងការនាំចេញ និងការវិនិយោគ ដែលបានរួមចំណែកជាសារវន្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ស្ថានភាពអតិផរណាកំពុងវិលត្រលប់ទៅរកស្ថានភាពប្រសើរឡើងវិញ ស្របពេលដែលសកម្មភាពសាងសង់បានលេចឡើងនូវសញ្ញានៃការងើបឡើង។ វិស័យពាណិជ្ជកម្មអន្តរជាតិ អាចនឹងមានសន្ទុះកំណើនល្អនៅខែបន្ទាប់ ជាពិសេស ការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារលោកខាងលិចនារដូវរងារខាងមុខ។ ផ្អែកលើការតាមដានជាប់ជាប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និង សេដ្ឋកិច្ចសកល បង្ហាញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅបន្តចលនការងើបឡើង ជាពិសេសក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា ផ្អែកលើទិន្នន័យ ៦ ខែ និងនិន្នាការសូចនាករសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ដោយមានវិស័យខ្លះបានងើបឡើងវិញ វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានរំពឹង​ថា​ ​ផលិត​ក្នុងស្រុក​សរុប​​របស់​កម្ពុជា (​G​D​P​) ​អាចនឹង​កើនទៅដល់​ ​៣​៥​ ​ពាន់​លាន​ដុល្លារ​ (​១​៤​៣​ ​ពាន់​ពាន់​លាន​រៀល​) ​នៅ​ឆ្នាំ ២០២៤ នេះ​ ហើយ​ G​D​P​ ​សម្រាប់​មនុស្សម្នាក់​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ ​២​,​០​៧​១ ​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៤​ ​ធៀប​នឹង​ ​១​,​៩​១​៧​ ​ដុល្លារ​ ​ក្នុង​ឆ្នាំ​ ​២​០​២​៣៕