ភ្នំពេញ ៖ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា
សូចនាករសេដ្ឋកិច្ចសំខាន់ៗនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤កន្លងទៅនេះ បានបង្ហាញពីសញ្ញាកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងសន្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូ អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងទាំងនេះ បាន និងកំពុងជំរុញទាំងការនាំចេញ និងការវិនិយោគ ដែលបានរួមចំណែកជាសារវន្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ស្ថានភាពអតិផរណាកំពុងវិលត្រលប់ទៅរកស្ថានភាពប្រសើរឡើងវិញ ស្របពេលដែលសកម្មភាពសាងសង់បានលេចឡើងនូវសញ្ញានៃការងើបឡើង។ វិស័យពាណិជ្ជកម្មអន្តរជាតិ អាចនឹងមានសន្ទុះកំណើនល្អនៅខែបន្ទាប់ ជាពិសេស ការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារលោកខាងលិចនារដូវរងារខាងមុខ។ ផ្អែកលើការតាមដានជាប់ជាប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និង សេដ្ឋកិច្ចសកល បង្ហាញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅបន្តចលនការងើបឡើង ជាពិសេសក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា ផ្អែកលើទិន្នន័យ ៦ ខែ និងនិន្នាការសូចនាករសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ដោយមានវិស័យខ្លះបានងើបឡើងវិញ វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។
របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំពឹងថា ផលិតក្នុងស្រុកសរុបរបស់កម្ពុជា (GDP) អាចនឹងកើនទៅដល់ ៣៥ ពាន់លានដុល្លារ (១៤៣ ពាន់ពាន់លានរៀល) នៅឆ្នាំ ២០២៤ នេះ ហើយ GDP សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ២,០៧១ ដុល្លារក្នុងឆ្នាំ ២០២៤ ធៀបនឹង ១,៩១៧ ដុល្លារ ក្នុងឆ្នាំ ២០២៣៕