ភ្នំពេញ ៖ មហា​វិថី​ចំនួន២ នៅក្រុង​ភ្នំពេញ គឺមហា​វិថីព្រះនរោត្តម និង​មហា​វិថីព្រះស៊ី​សុវត្ថិ ​ត្រូវ​បាន​​គ្រោងនឹ​ង​​​​រៀបចំកែលម្អ​​ឱ្យ​ប្រសើរឡើងដោយប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិ​ត​ ហៅកាត់ថា AI ដោយគម្រោងនេះត្រូវបានបង្ហើបឡើងដោយក្រសួង​រៀ​បចំ​ដែន​ដី ​នគរូបនីយកម្ម​ និងសំណង់ ក្រោមការ​រៀបចំ​នូវ​សិក្ខាសាលាផ្សព្វផ្សាយមួយ​​កាលពីដើមសប្ដាហ៍​កន្ល​ង​ទៅនេះ ។

ឯកឧត្តម លាង មុនីរឹទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នរូប​នីយកម្ម​ និងសំណង់ បានមានប្រសាសន៍​នៅក្នុងអង្គសិក្ខាសាលថា​ តំបន់​មួយចំនួនដែលស្ថិតនៅតាមមហា​វិថី​ទាំង២​នេះ នឹង​ត្រូវ​ធ្វើការ​សិក្សា​សាកល្បង​អភិ​វឌ្ឍន៍​ និងកែលម្អលើកកម្ពស់សោភ័ណភាពតាម​បច្ចេ​ក​វិទ្យា​​បញ្ញា​សិប្បនិម្មិត​ AI ដើម្បី​ឱ្យ​ AI សាកល្បង​មើល​ថា ​វានឹង​ត្រូវ​ចេញរូបរាងបែប​ណា ។

នៅ​ក្នុង​សិក្ខាសាលាដដែលនេះ លោក Brian Wong អ្នកជំនាញស្ថាបត្យកម្ម​មកពី​ប្រទេសសិង្ហបុរី បានលើក​យកពី​បទ​ពិសោធន៍​នៃការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​ចែក​ជូន​​ដល់អ្នកជំនាញ និង​អ្នក​ចូល​រួម​​កម្ពុជា​រាប់រយ​នាក់​ ។ ក្រៅពីនេះ ក៏មានការ​ធ្វើ​បទបង្ហាញពីលោក ស៊ីម តារា អ្នកជំនាញ​បញ្ញា​​សិប្បនិម្មិត​កម្ពុជា​ ដោយកត់សម្គាល់ពី​សារ​សំខាន់​​នៃ​បច្ចេក​វិទ្យាបញ្ញាសិប្បនិម្មិត​ដល់​សិក្ខាកាម​ចូលរួ​ម​ក្នុង​ពេលនោះផងដែរ ។​

ឯកឧត្តម​ ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ក៏ធ្លាប់​បានលើកពី​គម្រោងអភិវឌ្ឍន៍​​មហា​វិថី​ក្នុងរាជធានីភ្នំពេញ ឱ្យ​កាន់តែ​ប្រសើរ​ ជា​ពិសេស​ឯកឧត្តម​ ​ចង់ឱ្យមានការ​រៀបចំ​មានផ្លូវ​ដើរ​ ដើម្បីជំរុញឱ្យពលរដ្ឋ​ក្នុង​ក្រុង​ភ្នំពេញ​ដើ​រ​ឱ្យ​បានច្រើន ដូចជា​ ដើរទៅធ្វើការ ដើរ​ទៅផ្សារ ដើរទៅសាលា​រៀន​ ឬដើរហាត់ប្រាណជាដើម ។

ឯកឧត្តម​បានលើកឡើងផងដែរថា​ ពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញនាពេលប​ច្ចុប្បន្ន​នេះ​ ភាគ​ច្រើនជិះម៉ូតូ និងរថយន្ត​ច្រើន​ជាង​​ជិះកង់​ និងដើរ​ ដោយសារតែ​ផ្លូវ​មួយចំនួន​មិនទាន់មានផ្លូវ​សម្រាប់​ថ្មើ​រជើង ដូច្នេះហើយទើប​ពលរដ្ឋ​នៅ​ក្នុ​ងរាជធានីភ្នំពេញ នៅតែបន្ត​ប្រើយានយន្ត​ទោះបីទៅកាន់​ទីកន្លែង​ដែលនៅជិត​ៗក្ដី ជាមូលហេតុបង្ករឱ្យការកកស្ទះចរាចរណ៍ជាញឹកញាប់ ។


គួរបញ្ជាក់ថា​ កាលពីប៉ុន្មានខែមុននេះ ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ក៏បានរៀបចំ​សិក្ខា​សា​លា​​​មួ​យ​និយាយពី​ការរៀបចំលំនៅឋាន​តាមលំនាំ​ទីក្រុង​ហុងកុង​​​​ ​ដោ​យ​បាន​អ​ញ្ជើ​ញ​​អ្នក​ជំ​នា​​ញ​ពីទី​ក្រុង​ហុ​ង​កុ​ង​​​ម​ក​ចែក​រំលែក​បទពិសោធន៍​ក្នុងការរៀបចំ​លំនៅឋាន​នៅក្រុងហុង​កុង ដល់​អ្នកអភិវឌ្ឍន៍​លំនៅឋាន​ និង​ជំនា​ញ​​ស្ថាបត្យកម្ម​កម្ពុជា​ផងដែរ​ ។

ជាការកត់សម្គាល់ ​ក្នុងឆ្នាំ២០២៤នេះ ជាពិសេស​នៅក្នុង​អាណត្តិទី​៧នេះ ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានដាក់ចេញនូ​វផែនការ​ និងយុទ្ធសាស្ត្រ​ថ្មីៗជាបន្តបន្ទាប់ ​ដើម្បីរៀបចំ​ក្រុងនានា​នៅទូទាំង​ប្រទេស​ ក្នុងគោលបំណង​លើកកម្ពស់​សោភ័ណភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ​ ពោលគឺការ​រៀបចំក្រុងឱ្យពលរដ្ឋ​​បញ្ចេញ​សកម្មភាព​ជាង​មុន ។​ ក្រៅពីនេះ ក្រសួង​ក៏បាន​ដោះស្រាយ​បញ្ហា​ជាច្រើនដែលនៅសេសសល់​កាលពីពេល​កន្លងមក ជាពិសេសជំរុញការ​ចុះវាស់វែង​ដីធ្លី​ឱ្យ​បានបញ្ចប់​រួចរាល់នៅមុន​ឆ្នាំ២០២៩ ៕