បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា រដ្ឋាភិបាលចិនមានបំណងជួសជុលកែលម្អគម្រោងអចលនទ្រព្យ និងបង្កើនការផ្តល់ប្រាក់កម្ចីពីធនាគារសម្រាប់គម្រោងអភិវឌ្ឍន៍សំណង់អគារដែលមិនទាន់បានបញ្ចប់។
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាននៅទីក្រុង-ជនបទរបស់ចិន លោក Ni Hong បានលើកឡើងថា រដ្ឋាភិបាលនឹងជួសជុលកែលម្អគម្រោងអចលនទ្រព្យប្រមាណ ១ លានយូនីតដែលគាំទ្រដោយគោលនយោបាយបង្កើនល្បឿនផ្តល់ប្រាក់កម្ចី។ មិនត្រឹមតែប៉ុណ្ណោះ ការបញ្ចេញទឹកប្រាក់សរុបចំនួន ២,២៣ ទ្រីលានយ័នត្រូវបានអនុម័តរួចហើយនៅក្នុងប្រាក់កម្ចីដល់អ្នកអភិវឌ្ឍន៍ដែលបានចុះ«បញ្ជី-ស» (whitelist) ។ តួលេខនេះអាចនឹងកើនឡើងជិតទ្វេដង ឬដល់ ៤ ទ្រីលានយ័ននៅចុងឆ្នាំនេះ។ គំនិតផ្តួចផ្តើមនៃ «បញ្ជី-ស» របស់ចិនបានចាប់ផ្តើមអនុម័តនៅក្នុងខែមករា ដែលអនុញ្ញាតឱ្យអាជ្ញាធរក្រុងណែនាំគម្រោងលំនៅដ្ឋានដល់ធនាគារ ដើម្បីឲ្យពួកគេអាចផ្តល់ប្រាក់កម្ចីលឿនជាងមុន។ គោលបំណងគឺដើម្បីធានាឱ្យបាននូវការអភិវឌ្ឍបញ្ចប់គម្រោងលំនៅដ្ឋានដែលមិនទាន់បានបញ្ចប់ ដូច្នេះពួកគេអាចប្រគល់ផ្ទះជូនអ្នកទិញបានលឿន។
នៅក្នុងសេចក្តីប្រកាសមួយបានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្នាក់ខ្ពស់ជាបន្តបន្ទាប់ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច។កាលពីចុងខែកញ្ញាកន្លងទៅ ធនាគារកណ្តាលចិន (PBOC) បានប្រកាសកាត់បន្ថយសាច់ប្រាក់បម្រុង RRR ដើម្បីផ្តល់លទ្ធភាពដល់ធនាគារនានាអាចផ្តល់កម្ចីប្រាក់បន្ថែមទៀតទៅឱ្យអតិថិជនរបស់ខ្លួន។ លើសពីនេះ PBOC ក៏បានកាត់បន្ថយការបង់រំលស់អប្បបរមាសម្រាប់កម្ចីទិញផ្ទះពី ២៥ ភាគរយមកត្រឹម ១៥ ភាគរយផងដែរ។ នៅក្នុងកិច្ចប្រជុំថ្នាក់កំពូលមួយដែលដឹកនាំដោយប្រធានាធិបតីចិន លោក Xi Jinping បានដាក់គោលនយោបាយទប់ស្កាត់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងជំរុញទីផ្សារឱ្យងើបឡើងវិញ និងប្រកបដោយស្ថិរភាព ។
មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងជាង ៥០ នៅទូទាំងប្រទេសចិនបានដាក់ចេញនូវគោលនយោបាយដើម្បីជំរុញទីផ្សារអចលនទ្រព្យ ដោយក្នុងនោះ ទីក្រុងក្វាងចូវបានប្រកាសថា ខ្លួននឹងលុបចោលការរឹតបន្តឹងទាំងអស់លើការទិញផ្ទះ ខណៈដែលរដ្ឋបាលនៃទីក្រុងប៉េកាំង សៀងហៃ និងសិនចិន បានបន្ធូរបន្ថយលើគោលការណ៍ទិញផ្ទះចំពោះអតិថិជនដែលមិនមែនជាពលរដ្ឋក្នុងតំបន់ និងកាត់បន្ថយការបង់រំលស់។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងខែសីហាបានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតនៅក្នុងរយៈពេលជាង៩ឆ្នាំចុងក្រោយនេះ ដោយតម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ ៦,៨ ភាគរយ។ គួរបញ្ជាក់ដែរថា វិស័យអចលនទ្រព្យធ្លាប់មានចំណែកជាង ១ភាគ ៤ នៃសេដ្ឋកិច្ចជាតិ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរចាប់តាំងពីឆ្នាំ២០២១ ហើយអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះជាប់ជំពាក់បំណុលយ៉ាងច្រើនលើសលប់៕