ភ្នំពេញ ៖ អាផាតមិន ជាផ្នែកមួយនៃទីផ្សារអចលនទ្រព្យ​ក្នុង​ប្រទេស ​និ​ងបានចូលរួម​ចំណែក​ដល់​វិស័យ​បដិសណ្ឋារកិច្ច​របស់​កម្ពុជា​ ។ ដោយឡែក នៅ​ក្នុង​រយៈ​ពេល​៣ឆ្នាំចុងក្រោយនេះ ទីផ្សារ​អា​ផាត​មិនហាក់មិនមានការ​ប្រែប្រួលនោះ​ទេ ពោលគឺរក្សាបាននូវ​តម្រូវការ និងតម្លៃថេរ ។

យោងតាម​របាយការណ៍របស់​ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយសម្រាប់​ត្រីមាសទី​៣ ឆ្នាំ២០២៤​​បាន​បង្ហាញឱ្យឃើញថា ទីផ្សារជួល​អាផាតមិន​​បានរក្សា​តម្លៃ​ថេរ​ក្នុង​ត្រី​មាស​ទី៣​នេះ បើធៀបនឹង​ត្រីមាសទី២ ​និង​ទី​១​ឆ្នាំ ២០២៤ ដោយមានកា​រប្រែ​ប្រួលតិច​តួច​បំផុត ។

របាយការណ៍នេះ បានបង្ហាញថា​ តម្លៃជួល​អាផាតមិន​ក្នុងមួយម៉ែត្រ​ការ៉េ​មានតម្លៃជិត​១៥​ដុល្លារ​អាមេរិក​ក្នុង​មួយខែសម្រាប់អាផាតមិន​ប្រភេទកម្រិត​ B ។ តម្លៃនេះ បើធៀបនឹង​ត្រី​មាស​ទី​​២ឆ្នាំ ២០២៤​ មាន​ការ​កើន​ឡើង​តែ ២.៩​ភាគរយ​ប៉ុណ្ណោះ ។ សម្រាប់អាផាត​មិន​កម្រិត​ A ( Grade A ) មានតម្លៃ ប្រមាណ២០​ដុល្លារ​អា​មេ​រិកក្នុងមួយម៉ែត្រ​ការ៉េ​ក្នុងមួយខែ ។ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ត្រី​មាសទី២ឆ្នាំ២០២៤ ​ដូច​គ្នា​ មានកំណើន​ត្រឹ​មតែ​ ​១,២ភាគរយប៉ុណ្ណោះ ។​

យោងទៅលើ​របាយការណ៍​ដដែលនេះ បានបង្ហាញថា ចាប់តាំងពី​អំឡុង​ឆ្នាំ២០២២​ ដល់​ត្រីមាស​ទី៣​ឆ្នាំ ២០២៤​នេះ តម្លៃនៃការ​ជួលអាផាតមិន​នៅក្នុង​រាជធានីភ្នំពេញ​ស្ទើរ​តែ​មិន​មាន​​​ការ​ប្រែ​ប្រួល​នោះទេ​ ជាក់ស្ដែង​នៅក្នុ​ងត្រីមាសទី២ឆ្នាំ ២០២២​ ​អាផាត​មិនកម្រិត​ B មានតម្លៃប្រហាក់​ប្រហែល​នឹង​១៥ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ក្នុងមួយខែ ហើយ​រហូត​ដល់​​​ត្រីមាស​ទី៣ឆ្នាំ​២០២៤​នេះ តម្លៃ​នៃការជួល​អាផាតមិន​ប្រភេត​នេះ ក៏នៅតែមានតម្លៃប្រហាក់​ប្រហែល​នឹង​១៥​ដុល្លា​រអាមេរិកដូចគ្នា​​ក្នុងមួយម៉ែត្រ​ការ៉េ ក្នុងមួយខែ​ ។ ដោយ​ឡែក​អា​ផា​តមិន​កម្រិត​A ដែល​ដាក់ជួល​ក្នុង​តម្លៃ ប្រមាណ២០​ដុល្លារអាមេរិកក្នុងមួយខែក្នុងមួយម៉ែត្រ​ការ៉េ​​ កាលពី​ត្រីមាសទី​២​ឆ្នាំ ២០២២ រហូតដល់​ត្រីមាសទី​៣ឆ្នាំ ២០២៤​នេះ តម្លៃ​នៃការ​​ជួ​លអាផាតមិន​កម្រិត​ A ក៏នៅតែមានតម្លៃ ប្រមាណ២០​ដុល្លារអាមេរិកដដែល ។

តាមរបាយការ​ណ៍បង្ហាញថា ក្នុងឆ្នាំ ២០២៤​នេះ អាផាតមិនដែល​បានដាក់​បញ្ចូល​ក្នុងទីផ្សារ​ មានចំនួន​ប្រមាណ៤.៥០០យូនីត ក្នុង​រាជធានីភ្នំពេញ ហើយ​ចំនួននេះ បើធៀបនឹង​ឆ្នាំ ២០២៣​កន្លងទៅ មានកំណើន​តិច​តួច​ប៉ុណ្ណោះ ៕