ភ្នំពេញ ៖ ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានភាពល្អប្រសើរដូវចមុនវិបត្តិកូវីដ១៩មែន ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យនៅតែបន្តមានសកម្មភាព ដោយក្នុងនោះសម្រាប់តែការផ្គត់ផ្គង់ទីផ្សារខុនដូ ជាពិសេសនៅក្នុងរាជធានីភ្នំពេញនៅតែមានកំណើនជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងឆ្នាំ២០២៣កន្លងទៅនេះ ចំនួននៃការផ្គត់ផ្គង់ខុនដូលើទីផ្សារភ្នំពេញមានមិនដល់៦ម៉ឺនយូនីតនោះទេ ប៉ុន្តែនៅដំណាច់ឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់រំពឹងថានឹងកើនដល់ជាង៧ម៉ឺនយូនីត ។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia ចេញផ្សាយកាលពីប៉ុន្មានថ្ងៃមុននេះ ។
យោងតាមរបាយការណដដែលនេះបានបង្ហាញថា ក្នុងឆ្នាំ២០១៩ ការផ្គត់ផ្គង់ខុនដូលើទីផ្សារក្នុងរាជធានីភ្នំពេញមានប្រមាណជាង២ម៉ឺនយូនីតប៉ុណ្ណោះ ហើយដល់ឆ្នាំ២០២០ បានកើនឡើងដល់ជិត៣ម៉ឺនយូនីត និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ជិត៦ម៉ឺនយូនីតក្នុងឆ្នាំ២០២៣ ។ ការផ្គត់ផ្គង់ខុនដូនៅលើទីផ្សារភាគច្រើន ជាប្រភេទខុនដូតម្លៃមធ្យម បន្ទាប់មកតម្លៃសមរម្យ ចំណែកខុនដូ ប្រភេទតម្លៃខ្ពស់មានតិចតួចប៉ុណ្ណោះ ។
បើតាមរបាយការណ៍ដដែលបានបង្ហាញផងដែរថា សម្រាប់គម្រោងវិនិយោគថ្មីៗលើវិស័យខុនដូនៅក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២០ ខណៈដែលក្នុងឆ្នាំ២០១៩ មានរហូតដល់ជាង៣០គម្រោង ប៉ុន្តែដល់ឆ្នាំ២០២០ បានធ្លាក់ចុះមកនៅត្រឹម១៥គម្រោង និងបន្តធា្លក់មកទៀតត្រឹម៣គម្រោងក្នុងឆ្នាំ២០២១ ។ ប៉ុន្តែ គិតត្រឹមត្រីមាសទី៣ឆ្នាំ ២០២៤នេះ គម្រោងវិនិយោគលើខុនដូថ្មីក្នុងរាជធានីភ្នំពេញ បានកើនឡើងដល់ចំនួន ៥គម្រោងវិញ។
ចំពោះតម្លៃខុនដូ ក្នុងត្រីមាសី៣ឆ្នាំ ២០២៤នេះ បានធ្លាក់ចុះនូវប្រភេទខុនដូសមរម្យ និងតម្លៃខ្ពស់ក្នុងនោះ ខុនដូតម្លៃសមរម្យបានថយចុះប្រមាណ៩,៩ភាគរយ ហើយខុនដូតម្លៃខ្ពស់បានធ្លាក់ចុះតែ០,៣ភាគរយប៉ុណ្ណោះ ខណៈខុនដូតម្លៃមធ្យមបានឡើងថ្លៃ ៥,៩ភាគរយ ។
លោក ឡាត់ ចន្ទដារា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារខុនដូ និងអាផាតមិនកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ដែលធ្វើឱ្យអតិថិជនឬភ្ញៀវទេសចរបរទេសមកដល់កម្ពុជាមានជម្រើសច្រើនក្នុងការជ្រើសរើស។
លោកបន្តថា តាមរយៈកំណើននៃការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញ ធ្វើឱ្យតម្លៃនៃការជួលអាផាតមិននៅលើទីផ្សារបន្តរក្សាស្ថេរភាពនៅទ្រឹង មិនទាន់ងើបឡើងវិញបានទេទោះបីជាកំណើនភ្ញៀវទេសចបរទេសមានការកើនឡើងជាមុនក្ដី ។
លោកឱ្យដឹងថា ៖ តាមតួលេខរបស់ក្រសួងទេសចរណ៍ កំណើនភ្ញៀវទេសចរបរទេសចាប់ផ្ដើមមានការកើនឡើង ប៉ុន្តែបើពិនិត្យឱ្យមែនទែនឃើញថាភាគច្រើននៃភ្ញៀវទេសចរចូលមកកម្ពុជាជាភ្ញៀវជនជាតិថៃ និងវៀតណាម ដែលជាភ្ញៀវមកលេងក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខុសពីមុនឆ្នាំ២០២០ ដែលភាគច្រើននៃភ្ញៀវមកដល់កម្ពុជាគឺជាភ្ញៀវជនជាតិចិន និងត្រូវការស្នាក់នៅរយៈពេលយូរ ។
លោក ដារា បានបញ្ជាក់ដែរថា សម្រាប់ទីផ្សារខុនដូ និងអាផាតមិន ចាប់ផ្ដើមមានសញ្ញាណវិជ្ជមានខ្លះៗ ដោយកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ហើយកំណើនវិនិយោគក៏មានចំនួនគួរអោយកត់សម្គាល់ ជាពិសេស លើវិស័យឧស្សាហកម្ម ។ ម្យ៉ាងវិញទៀត ទីផ្សារជួលហាក់មានកំណើនក្នុងត្រីមាសទី ៣ នេះ អាស្រ័យដោយនៅគម្រោងខ្លះជាគម្រោងខុនដូ មានតម្លៃជួលសមរម្យជាងមុន ដែលអាចទាក់ទាញនូវតម្រូការពីសំណាក់អតិថិជនបាន ៕