ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា ប្រភពអគ្គិសនីនៅកម្ពុជាត្រូវបានអភិវឌ្ឍកើនឡើងពី ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ១៩៩៨ រហូតដល់ ៤ ៨១៤មេហ្គាវ៉ាត់នៅឆ្នាំ២០២៤ ដែលស្មើនឹងកំណើន ៣២ដង ហើយនឹងអាចបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់នៅមុនឆ្នាំ២០៣០ បន្ទាប់ពីរាជរដ្ឋាភិបាលអនុម័តលើគម្រោងថាមពលចំនួន ២៣គម្រោង ដែលមានអានុភាពសរុប ៥ ៩៥០មេហ្គាវ៉ាត់។
នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុងកាលពីពេលកន្លងទៅ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ ដោយគម្រោងវិនិយោគលើវិស័យថាមពលថ្មីៗមួយចំនួនទៀតអាចនឹងលេចចេញជារូបរាង និងចាប់ដំណើរការផលិតអគ្គិសនីនៅមុនឆ្នាំ២០៣០។
ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ៖
«បច្ចុប្បន្ន យើងកំពុងបន្តអភិវឌ្ឍ ពង្រឹង និងពង្រីកសមត្ថភាពព្រមទាំងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីក្រោមការយកចិត្តទុកដាក់ក្នុងនាមជាប្រព័ន្ធបណ្តាញជាតិ ហើយយើងក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដាច់ស្រយាលជាបណ្តើរៗផងដែរ តាមរូបភាពធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្តុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល»។
សូមបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ ដែលមានតម្លៃវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះមានគម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន១២គម្រោង អានុភាពសរុបចំនួន ១ ៩៥០មេហ្គាវ៉ាត់ គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង អានុភាពសរុបចំនួន៩០០មេហ្គាវ៉ាត់ គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន១គម្រោង អានុភាព ៥០+៤០មេហ្គាវ៉ាត់ ។
បន្ថែមលើនេះ គម្រោងវារីអគ្គិសនីព្រែកល្អាងចំនួន១គម្រោង អានុភាព១១០មេហ្គាវ៉ាត់ គម្រោងស្តុកថាមពលដោយប្រព័ន្ធអាគុយស្តុកថាមពល ទំហំ ១ ០០០មេហ្គាវ៉ាត់ គម្រោងស្តុកថាមពលវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃ លើទំហំ ១ ០០០មេហ្គាវ៉ាត់ និងគម្រោងផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ចំនួន ១គម្រោង អានុភាព ៩០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលទើបតែបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុននេះ។
តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោងទាំង ២៣ខាងលើនេះ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់ និងទាន់ពេល ស្របតាមកំណើននៃតម្រូវការប្រើប្រាស់ទាំងប្រជាជន ទាំងអ្នកវិនិយោគ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា៕