ភ្នំពេញ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិននៅតែជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវបរិយាកាសការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងឱ្យដឹងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាលៀន (Wang Yalian) អភិបាលក្រុង Ji’an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ចិនបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជារហូតដល់ ៣,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦០,៤៤ភាគរយនៃប្រភពទុនសរុបដែលកម្ពុជាទទួលបាន។ រូបភាពទាំងនេះបានបង្ហាញថា ចិននៅតែជាប្រភពទុនដ៏សំខាន់សម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍បានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំពេញ កម្ពុជាទទួលបានទុនវិនិយោគសរុបប្រមាណ ៧,៥ពាន់លានដុល្លារអាមេរិកពីគម្រោងវិនិយោគសរុបចំនួន៣៩១គម្រោង ។ ក្នុងចំណោមចំនួន ៧,៥ពាន់លានដុល្លារអាមេរិកនោះ មានទុនវិនិយោគពីប្រទេសចិនចំនួន ៦០,៤៤ភាគរយទៅហើយ ឬប្រមាណ ៣,៥ពាន់លានដុល្លារអាមេរិក ។ ក្រៅពីនេះ ជាទុនវិនិយោគរបស់វិនិយោគិនក្នុងស្រុកដែលមានទំហំប្រមាណ ២,៤២ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុនមកពីប្រទេសសិង្ហបុរី ២,៦៥ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមានមកពីប្រទេសវៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។
ក្នុងគោលបំណងទាក់ទាញការវិនិយោគពីចិនបន្ថែម ឯកឧត្តម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ ឯកឧត្តមអគ្គលេខាធិការមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទាំងការវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។
លោក វ៉ាង យ៉ាលៀន( Wang Yalian) ប្រធានគណៈប្រតិភូចិន បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងក្រុង Ji’an និងកម្ពុជា គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។
លោក Wang Yalian បានលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជាពិតជាមានអំណោយផល និងឱកាសទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូក៏បានជម្រាបជូនដោយសង្ខេបអំពីក្រុង Ji’an ដែលបច្ចុប្បន្នមានការរីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេស គឺមានការវិនិយោគច្រើនក្នុងវិស័យកសិកម្ម ការកែច្នៃចំណីអាហារដោយប្រើបច្ចេកវិទ្យាទំនើប។