ភ្នំពេញ៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិននៅតែជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវបរិយាកាសការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងឱ្យដឹងដូច្នេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យ៉ាលៀន (Wang Yalian) អភិបាលក្រុង Ji’an ខេត្ត Jiangxi សាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ ចិន​បាន​បណ្ដាក់​ទុន​វិនិ​យោគ​នៅកម្ពុជា​រហូត​ដល់ ​៣,៥ពាន់​លានដុល្លារ​អាមេរិក​ ដែល​ស្មើនឹង​ប្រមាណ ៦០,៤៤ភាគរយ​នៃប្រភពទុន​សរុប​ដែល​កម្ពុជា​ទទួល​បាន។ រូបភាពទាំងនេះបានបង្ហាញថា ចិននៅតែជា​ប្រភពទុន​ដ៏សំខាន់​​សម្រាប់ការ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​។

យោងតាមរបាយការណ៍​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​បានបង្ហាញថា ក្នុង​រយៈ​ពេល​១ឆ្នាំពេញ កម្ពុជា​ទទួល​បាន​ទុ​នវិ​និយោ​គ​​សរុប​ប្រមាណ​ ៧,៥​ពាន់លានដុល្លារ​អាមេរិកពីគម្រោ​ងវិនិយោគ​សរុប​ចំនួន៣៩១គម្រោង ។ ក្នុង​ចំណោម​ចំនួន ៧,៥​ពាន់​លានដុល្លារ​អាមេរិកនោះ មានទុនវិនិយោគ​ពី​ប្រទេស​ចិន​ចំនួន ៦០,៤៤ភាគរយ​ទៅហើយ ឬប្រមាណ ៣,៥​ពាន់លានដុល្លារ​អាមេរិក​ ។ ក្រៅពីនេះ ជា​ទុនវិនិយោគ​របស់វិនិយោគិនក្នុងស្រុកដែលមានទំហំ​ប្រមាណ ២,៤២​ពាន់លានដុល្លារ​អាមេរិក ឬប្រមាណ ៣២,៣១ភាគរយ និងទុន​មកពីប្រទេស​សិង្ហបុរី ២,៦៥​ភាគរយ ម៉ាឡេស៊ី ១,៣ភាគរយ ។ ក្រៅពីនោះមាន​មកពីប្រទេស​វៀតណាម ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌាជាដើម ។

ក្នុងគោលបំណងទាក់ទាញការវិនិយោគពីចិនបន្ថែម ឯកឧត្តម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជាដែលមានភាពបើកចំហ តម្លាភាព និងភាពអាច់ប៉ាន់ប្រមាណទុកជាមុនបាន រួមជាមួយនឹងកញ្ចប់លើកទឹកឆ្លាតវៃ។ ឯកឧត្តមអគ្គលេខាធិការមានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងជួយជំរុញទាំងការវិនិយោគ និងភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត។

លោក វ៉ាង យ៉ាលៀន( Wang Yalian) ប្រធានគណៈប្រតិភូចិន បានមានប្រសាសន៍ថា៖ ដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះគឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា ជាពិសេសលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងក្រុង Ji’an និងកម្ពុជា គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន។

លោក Wang Yalian បានលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជាពិតជាមានអំណោយផល និងឱកាសទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ លោកប្រធានគណៈប្រតិភូក៏បានជម្រាបជូនដោយសង្ខេបអំពីក្រុង Ji’an ដែលបច្ចុប្បន្នមានការរីកចំរើនយ៉ាងឆាប់រហ័ស ជាពិសេស គឺមានការវិនិយោគច្រើនក្នុងវិស័យកសិកម្ម ការកែច្នៃចំណីអាហារដោយប្រើបច្ចេកវិទ្យាទំនើប។