ភ្នំពេញ ៖ កន្លងមករាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ បានរៀបចំសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ និងអគារចាស់ៗដែលបន្សល់ទុកតាំងពីសម័យមុនឱ្យមានសោភ័ណ្ឌភាពស្រស់ស្អាត និងទាក់ទាញឡើងវិញ ហើយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាលនឹងបន្តរៀបចំសួនច្បារ អគារចាស់ៗដែលមាននៅក្នុងរាជធានីភ្នំពេញឱ្យមានសោភ័ណ្ឌភាព និងធ្វើឱ្យក្រុងភ្នំពេញកាន់តែស្រស់ស្អាត កាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
ថ្លែងនៅក្នុងពិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រស្នាដៃរចនាសហគមន៍ ក្រោមប្រធានបទ ភូមិ១ សហគមន៍១ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងរាជធានីភ្នំពេញ មានសួនច្បារ និងអគារចាស់ៗជាច្រើនត្រូវបានរៀបចំកែលម្អរួចហើយ ហើយក៏បានឃើញថាសួនច្បារ និងអគារចាស់ៗដែលបានកែលម្អទាំងនោះ បានទាក់ទាញមនុស្ស ទាក់ទាញភ្ញៀវទេសចរជាច្រើនផងដែរ ។
ឯកឧត្តមបន្តថា ៖ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀតនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ផែនការរៀបចំកែលម្អទីក្រុង កែលម្អសួនច្បារដែលមានស្រាប់ កែលម្អអគារចាស់ៗដែលបានបន្សល់ទុកតាំងពីសម័យមុនៗ ដើម្បីឱ្យទីក្រុងភ្នំពេញ កាន់តែមានសម្រស់ស្រស់ស្អាត និងប្រើជាប្រយោជន៍ដល់សាធារណជន ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ៖
«បច្ចុប្បន្ននេះ មានសួនច្បារ និងអគារចាស់ៗមួយចំនួន ដូចជា សួនច្បារផ្សារចាស់, អគារបណ្ណាល័យជាតិជាដើម និងមានអគារ សួនច្បារជាច្រើនទៀត ដែលត្រូវការកែលម្អឡើងវិញ ។ សួនច្បារផ្សារចាស់ នៅពេលអនាគតនឹងត្រូវកែលម្អឱ្យក្លាយជាសួនច្បារដែលទាក់ទាញ ពីព្រោះតំបន់នេះនឹងក្លាយជាតំបន់គល់ស្ពានតភ្ជាប់ទៅកាន់ក្រុងអរិយក្សត្រខេត្តកណ្ដាល ។ ហើយតំបន់គល់ស្ពានត្រើយខាងអរិយក្សត្រ ក៏នឹងត្រូវអភិវឌ្ឍដើម្បីទាក់ទាញប្រជាជន ទេសចរនៅតំបន់នោះដែរ»។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា ផែនការ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺចង់ឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខុដុមរមនា រស់នៅប្រកបដោយសុខភាព ហើយដើម្បីឱ្យពលរដ្ឋមានសុខភាពល្អ ត្រូវរៀបចំទីក្រុង ធ្វើឱ្យយ៉ាងណាឱ្យពលរដ្ឋបញ្ចេញសកម្មភាពបានច្រើន ដូចជាមានសួនច្បារសម្រាប់ពលរដ្ឋហាត់ប្រាណ មានផ្លូវសម្រាប់ពលរដ្ឋដើរ មិនថាទៅផ្សារ ទៅសាលារៀន ឬទៅកន្លែងធ្វើការ និងមានផ្លូវសម្រាប់អ្នកជិះកង់ជាដើម ។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានលើកឡើងពីគម្រោងបង្កើតផ្លូវជិះកង់នៅតំបន់ឆ្នេរ តភ្ជាប់ពីខេត្តកែប ទៅកាន់ខេត្តកោះកុង ដោយឆ្លងកាត់ខេត្តកំពត និងបន្តរហូតដល់ខេត្តព្រះសីហនុ ។ តាមរយៈគម្រោងមួយនេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាព នឹងអាចទាក់ទាញទេសចរទាំងក្នុងស្រុក និងក្រៅស្រុកមកលេងកម្សាន្តនៅកម្ពុជាបានកាន់តែច្រើនថែមទៀត ជាពិសេសនៅតំបន់ឆ្នេរតែម្ដង ៕