ភ្នំពេញ ៖ កន្លងមករាជរដ្ឋាភិបាល​ អាជ្ញាធរ​ថ្នាក់​ជាតិ​ និង​ក្រោមជាតិ បាន​រៀបចំសួន​ច្បារ​នានា​នៅក្នុង​រាជធានីភ្នំពេញ និងអគារ​ចាស់ៗ​ដែល​បន្សល់ទុក​តាំងពីសម័យ​មុនឱ្យ​មាន​សោ​ភ័​ណ្ឌ​ភាពស្រស់​ស្អាត ​និងទាក់ទាញឡើងវិញ ហើ​យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជា​សេនាធិការ​មួយ​របស់​រាជរដ្ឋាភិបាល​​នឹង​បន្តរៀបចំសួន​ច្បារ អគារ​ចាស់ៗដែល​មាននៅក្នុងរាជធានីភ្នំពេញឱ្យមានសោភ័ណ្ឌភាព​ និងធ្វើឱ្យក្រុ​ងភ្នំពេញកាន់តែស្រស់ស្អាត កាន់តែទាក់ទាញភ្ញៀវទេសចរជាតិ​​ និងអន្តរជាតិ ។​

ថ្លែង​នៅក្នុងពិធីប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ស្នាដៃរចនាសហគមន៍ ក្រោមប្រធាន​បទ ភូមិ​១​ សហគមន៍១​ កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម​ ហង្ស សុត​សំភារ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ជា​អគ្គលេខាធិការ​គណៈ​ស្ថាបត្យករ​កម្ពុជា បា​ន​មាន​ប្រសា​ស​ន៍​ថា​ នៅក្នុង​រាជធានីភ្នំពេញ មានសួនច្បារ​ និ​ងអគារ​ចាស់ៗជាច្រើនត្រូវ​បាន​រៀប​ចំកែលម្អរួចហើយ ហើយ​ក៏​បានឃើញថាសួន​ច្បារ និងអគារ​ចាស់ៗ​ដែលបានកែលម្អទាំង​នោះ បានទាក់ទាញមនុស្ស​ ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ​​ជាច្រើនផងដែរ ។​

ឯកឧត្តម​បន្តថា ៖ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​​កាន់តែច្រើនថែមទៀត​នោះ ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និងសំណង់ បានដាក់ផែនកា​ររៀបចំកែលម្អទីក្រុង កែ​លម្អ​សួន​ច្បារ​ដែលមាន​ស្រាប់ កែលម្អ​អគារ​ចាស់ៗ​ដែល​បាន​បន្សល់ទុកតាំងពីសម័យមុន​ៗ​ ដើម្បីឱ្យ​ទីក្រុង​ភ្នំពេញ កាន់តែមានសម្រស់​ស្រស់​​ស្អាត និ​ង​ប្រើជា​ប្រយោជន៍​ដល់​សាធា​រ​ណ​ជន ។​


ឯកឧត្តម​បានមានប្រសាសន៍​បន្តទៀតថា​ ៖

«បច្ចុប្បន្ន​នេះ ​មានសួនច្បារ​ និងអគារ​ចាស់ៗ​មួយចំនួន​ ដូចជា ​សួន​ច្បារ​ផ្សារចាស់, អគារ​បណ្ណាល័យ​ជាតិ​ជាដើម​ និងមា​ន​អគារ សួន​ច្បារ​ជាច្រើនទៀត ដែល​ត្រូវការកែលម្អ​ឡើងវិញ ។​ សួនច្បារ​ផ្សារចាស់ នៅពេលអនាគត​នឹង​ត្រូវ​កែលម្អ​ឱ្យក្លាយជាសួន​ច្បារ​ដែលទាក់ទាញ ពីព្រោះតំបន់នេះ​​នឹង​ក្លាយជា​តំបន់គល់​ស្ពាន​តភ្ជាប់ទៅកាន់​ក្រុង​អរិយក្សត្រ​ខេត្ត​កណ្ដាល​ ។ ហើយតំបន់​គល់ស្ពាន​ត្រើយ​ខាង​អរិយក្សត្រ​ ក៏នឹង​ត្រូវអភិវឌ្ឍ​ដើម្បីទាក់ទាញ​ប្រជាជន​ ទេសចរ​នៅ​តំបន់នោះដែរ​»។

ឯកឧត្តម ​សាយ សំអាល់​ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ ធ្លាប់​បានលើកឡើងកាលពីពេលកន្លងមក​ថា ផែនការ​ និង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​ គឺ​ចង់ឱ្យប្រជាពលរដ្ឋ​រស់​នៅ​ប្រកបដោយសុខុដុមរមនា​ រស់​នៅប្រកប​ដោយសុខភាព​ ហើយដើម្បីឱ្យ​ពលរដ្ឋ​មានសុខភាព​ល្អ ត្រូវ​រៀបចំទីក្រុង​ ធ្វើឱ្យយ៉ាងណា​ឱ្យ​ពលរដ្ឋ​បញ្ចេញសកម្មភាពបានច្រើន ដូចជា​មាន​សួនច្បារសម្រាប់ពលរដ្ឋ​ហាត់ប្រាណ មានផ្លូវ​សម្រាប់ពលរដ្ឋ​ដើរ មិនថាទៅផ្សារ​ ទៅសាលា​រៀន ឬទៅកន្លែងធ្វើការ និងមាន​ផ្លូវ​សម្រាប់​អ្នកជិះកង់ជាដើម ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤​ សម្ដេ​ចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក៏បានលើកឡើង​ពីគម្រោងបង្កើតផ្លូវជិះកង់នៅតំបន់​ឆ្នេរ​ តភ្ជាប់ពីខេត្តកែប ទៅកាន់​ខេត្តកោះកុង ដោយឆ្លងកាត់​ខេត្តកំពត និងបន្តរហូតដល់ខេត្តព្រះសីហនុ ។ តាមរយៈគម្រោងមួយនេះ ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាព ​នឹងអាច​ទាក់ទាញ​ទេសចរ​ទាំង​ក្នុងស្រុក​ និងក្រៅស្រុក​មក​លេង​កម្សាន្ត​នៅកម្ពុជាបាន​កាន់តែច្រើនថែមទៀត​ ជាពិសេស​នៅតំបន់​ឆ្នេរ​តែម្ដង ៕