(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់ដំណោះស្រាយបញ្ចប់វិវាទដោយប្រគល់ដីជូនភាគីប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ពីមុនមក និងណែនាំដល់ខាងបញ្ជាការដ្ឋានកងពលតូច”ង” ៧០ ត្រូវសម្របសម្រួលដោយដកថយកាត់ឆ្វៀលចេញពីផ្ទៃដីរបស់ប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិ ហើយក្រសួង នឹងផ្ដល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនដល់បញ្ជាការដ្ឋានកងពលតូច”ង” ៧០ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់និងបញ្ចៀសកុំឱ្យមានវិវាទកើតមានជាបន្តទៀត។
វិធីសាស្ត្រ និងដំណោះស្រាយខាងលើនេះត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន ២៧គ្រួសារជាមួយបញ្ជាការដ្ឋានកងពលតូច”ង”៧០ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការវាស់វែងដីព្រៃធ្វើជាកម្មសិទ្ធិរបស់ខ្លួនគឺមិនត្រឹមត្រូវនោះទេ ប៉ុន្តែនេះមិនមែនជាពេលវេលាដែលត្រូវវែកញែកថាអ្នកណាខុសរឺអ្នកណាត្រូវនោះទេ កត្តាសំខាន់គឺត្រូវដោះស្រាយបញ្ចប់វិវាទឱ្យបានចប់ជាស្ថាពរហើយអាចទទួលយកបានទាំងអស់គ្នា ក្នុងនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់នូវជម្រើសទុកលទ្ធភាពដល់ប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិអាចពិភាក្សាប្រសិនបើចង់ផ្លាស់ប្ដូរទីតាំងដីចេញពីទីតាំងដើមនេះទៅកាន់ទីតាំងណាមួយផ្សេងទៀតដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនពីព្រោះការរស់នៅជិតទីតាំងកងទ័ពអាចនឹងប្រឈមហានិភ័យផ្សេងៗដោយសារទីតាំងកងទ័ពអាចនឹងមានស្តុកទុកនូវអាវុធយុទ្ធភណ្ឌផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្តម ចាត់ទុកថានេះគឺជាវិធីសាស្ត្រប្រកបដោយយុត្តិធម៌ក្នុងអន្តរកាលនេះ ដែលនឹងអាចកាត់បន្ថយនូវភាពស្មុគស្មាញនិងភាពចម្រូងចម្រាស់ក្នុងសង្គមជាតិ៕