ភ្នំពេញ ៖ ស្របតាមអភិក្រមដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា រក្សា និងពង្រឹងទីផ្សារចាស់ ហើយពង្រីកទីផ្សារថ្មី បច្ចុប្បន្ននេះ កម្ពុជា បាន និងកំពុងជំរុញកិច្ចសហប្រតិបត្ដិការ និងសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ និងសកលលោក តាមរយៈការចរចា បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូពាណិជ្ជកម្ម ដែលមានសក្ដានុពល ដើម្បីធ្វើយ៉ាងណាអាចពង្រីកទំហំពាណិជ្ជកម្មឱ្យបានលទ្ធផលខ្ពស់។
ជាក់ស្ដែង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន ៥០.៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង១៥.៩៥% ក្នុងនោះ ការនាំចេញសម្រេចបាន ទឹកប្រាក់ចំនួន ២៤.៣៤ពាន់លានដុល្លារអាម៉េរិក កើនឡើង១៤.៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦.១០ពាន់លានដុល្លារអាម៉េរិក កើនឡើង១៧.៤៨%។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញរួមមាន៖សម្លៀកបំពាក់៨.៩៤ពាន់លានដុល្លារ កើនឡើង២៥.៨៤%, សម្ភារធ្វើដំណើរ១.៧៨ពាន់លានដុល្លារ កើនឡើង២១.៥០%, ស្បែកជើង១.៥០ពាន់លានដុល្លារ កើនឡើង២៤.៣០% និងស្រូវ ១.៥០លានដុល្លារ កើនឡើង ១៦.៤២% និងផលិតផលផ្សេងៗទៀត។
ដោយឡែក ទំនិញសំខាន់ៗនាំចូល រួមមាន៖ វាយនភ័ណ្ឌ ៥.៧០ពាន់លានដុល្លារអាមេរិក កើនឡើង២៣.៥២%, គ្រឿងអេឡិកត្រូនិក ៣.៣២ពាន់លានដុល្លារអាមេរិក កើនឡើង២៩.១៤%, សម្ភារសំណង់ ១.៤៧ពាន់លានដុល្លារអាមេរិក កើនឡើង២២.៣៥%, ប្រេងម៉ាស៊ូត ១.៣០ពាន់លានដុល្លារអាមេរិក កើនឡើង១០.១៦% និងរថយន្ដ ៩០៧.៧៩លានដុល្លារអាមេរិក កើនឡើង៧.២១%៕