ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដោយទុកពេលវេលាឱ្យ១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា ២០២៥ ដើម្បីឱ្យពលរដ្ឋចំនួន៤គ្រួសារចាកចេញពីអគារអង្គរជ័យ ដែលស្ថិតនៅបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ពីព្រោះតែអគារចាស់ទ្រុឌទ្រោមខ្លាំង ខ្លាចបង្កជាហានិភ័យសម្រាប់អ្នករស់នៅទីនោះ ។

សេចក្ដីជូនដំណឹងបានឱ្យដឹងថា ផ្អែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ និងការវិភាគលើគុណភាព និងសុវត្ថិភាពគ្រឿងសំណង់ និងលទ្ធផលនៃការពិសោធន៍លើសម្ភារៈសំណង់ របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់នៃអគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្គុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្ដល់សញ្ញាជាមុន អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ក្រសួងបានបញ្ជាក់ថា ក្នុងន័យនេះ ផ្អែកតាមច្បាប់ស្ដីពីសំណង់ឆ្នាំ ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងមានជាយថាហេតុ ដោយសារសំណង់អតីតសណ្ឋាគារអង្គរមានជ័យ ក្រសួងរៀបចមដែនដី នគរូបនីយកម្ម និងសំណង់ សូមឱ្យបងប្អូនពលរដ្ឋ៤គ្រួសារដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនឹងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាក់ចេញពីអគារនេះក្នុងរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។ ក្រសួងដែនដីនឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយចំនួន៤គ្រួសារនោះ ។
ក្រសួងរៀបចំដែនដីក៏បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការជាបន្ទាន់ ជាអាទិ៍ ហ៊ុព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន៤គ្រួសារនោះ ។
សូមរម្លឹកថា អគារអតីតសណ្ឋាគារអង្គរមានជ័យនេះ មានអាយុកាល ៧៥ឆ្នាំហើយ ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥០ មានក្រឡាផ្ទៃបាតទំហំសរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ ។ គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ពលរដ្ឋចំនួន៦១គ្រួសារហើយបានយល់ព្រមទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដី ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់ ៕
