ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹង​ដោយទុកពេលវេលា​ឱ្យ​១៥ថ្ងៃ គិតចាប់ថ្ងៃទី៥ ខែឧសភា ២០២៥ ដើម្បីឱ្យពលរដ្ឋចំនួន​៤គ្រួសារ​ចាកចេញពីអគារអង្គរជ័យ ដែលស្ថិតនៅបណ្ដោយផ្លូវ​ព្រះមុនីវង្ស​ កែង​នឹង​ផ្លូវ​កម្ពុជាក្រោម ពីព្រោះតែអគារ​ចាស់ទ្រុឌទ្រោមខ្លាំង ខ្លាចបង្កជា​ហានិភ័យសម្រាប់អ្នករស់នៅទីនោះ ។​

សេចក្ដីជូនដំណឹង​បានឱ្យដឹងថា​ ផ្អែក​តាមលទ្ធផល​នៃកា​រចុះត្រួតពិនិត្យ​និងវាយតម្លៃគុណភាពសំណង់ និងកា​រវិភាគ​លើគុណភាព ​និងសុវត្ថិភាព​គ្រឿង​សំណង់​ និងលទ្ធផល​នៃកា​រពិសោធន៍​លើ​សម្ភារៈសំណង់ រប​ស់​​មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ បានបញ្ជាក់ថា សំណង់​នៃ​អគារ​នេះ​មានសភាពចាស់​ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាព​លំនឹង​នៃរចនាសម្ព័ន្ធគ្រឿង​ផ្គុំ​សំណង់ និង​ប្រឈម​មុខ​នឹង​ការ​បាក់រលំ​ជាយថា​ហេតុ​ដោយមិនផ្ដល់​សញ្ញា​ជាមុន អាច​បង្កគ្រោះ​ថ្នាក់​ដល់​អា​​យុ​ជី​វិ​ត​ និង​ទ្រព្យសម្បត្តិ​របស់បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ ។

ក្រសួងបានបញ្ជាក់ថា ក្នុងន័យនេះ ផ្អែក​តាមច្បាប់​ស្ដីពីសំណង់​ឆ្នាំ ២០១៩ និង​ដើម្បីបញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ការ​បាត់បង់ទ្រព្យ​សម្បត្តិ​ និងគ្រោះថ្នាក់​ផ្សេងៗដែលអាច​កើតឡើង​មាន​ជាយថាហេតុ ដោយ​សារ​​សំណង់​អតី​តសណ្ឋាគារ​អង្គរមានជ័យ​ ក្រសួង​រៀបចមដែនដី នគរូបនីយកម្ម និងសំណង់ សូមឱ្យបងប្អូន​ពល​រដ្ឋ​​៤គ្រួសារ​ដែល​កំពុងស្នាក់​នៅ ប្រើប្រាស់ ​និង​ប្រកបអាជីវកម្ម​ក្នុងអគារ​នេះ ត្រូវបញ្ឈប់​ការរស់​នៅ​នឹង​ការ​ប្រកបអាជីវកម្មជា​បន្ទាន់ និងត្រូវធ្វើការ​ចាក់ចេញពីអគារ​នេះក្នុង​រយៈពេល​១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹង​នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥​ ។​ ក្រសួង​ដែនដី​នឹង​បន្ត​សម្រប​សម្រួលដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ដែល​នៅស​ល់​ចុងក្រោយ​ចំនួន៤គ្រួសា​រនោះ ។​


ក្រសួង​រៀបចំដែនដីក៏បាន​ឱ្យ​រដ្ឋបាល​រាជធានីភ្នំពេញ ត្រូវចាត់វិធានការ​ជា​បន្ទាន់ ជាអាទិ៍​ ហ៊ុព័ទ្ធ​ ហាមចូល​ និងហាម​ប្រើប្រាស់អគារ​នេះ ចាប់ពីថ្ងៃជូនដំណឹង​នេះតទៅ ដើម្បីធានា​សុវត្ថិភាព សន្តិសុខ និង​សណ្ដា​ប់​ធ្នា​ប់សាធារណៈ ។ ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ នឹង​សហការ​ជាមួយរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីវាយរំលំ​សំណង់​អគារ​ចាស់ទ្រុឌទ្រោម​នេះ ក្រោយផុត​ពេលកំណត់​នៃកា​រចាកចេញ​របស់គ្រួសារ​ប្រ​ជាព​ល​រ​ដ្ឋ​ចុងក្រោយ​ចំនួន​៤គ្រួសារ​នោះ ។

សូមរម្លឹក​ថា​ អគារ​អតីតសណ្ឋាគារ​អង្គរ​មានជ័យនេះ មានអាយុកាល​ ៧៥ឆ្នាំហើយ ត្រូវ​បានសាងសង់ឡើង​នៅឆ្នាំ១៩៥០​ មាន​ក្រឡាផ្ទៃ​បាត​ទំហំ​សរុប​៥៩០ម៉ែត្រការ៉េ មានកម្ពស់​៦ជាន់​ ស្មើនឹង​១០៧​បន្ទប់​ និង​មាន​ប្រ​ជា​​ពលរដ្ឋ​រស់នៅ​ចំនួន៦៥​គ្រួសារ ។ គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ពលរដ្ឋចំនួន​៦១​គ្រួសារ​ហើ​យ​បានយល់​ព្រម​ទទួល​យក​ដំណោះស្រាយ​ក្រោមការ​សម្រប​សម្រួល​របស់ក្រសួងរៀបចំដែនដី​ ហើយ​បាន​ស្ម័គ្រ​ចិត្ត​ចា​ក​ចេញទៅរស់នៅទីតាំង​ថ្មី ដែល​មាន​សុវត្ថិភាព សម្រាប់ក្រុមគ្រួសារ​របស់ពួកគាត់​ ៕