ពោធិ៍សាត់ ៖ ខ្សែផ្លូវជាតិលេខ១០ ពីសំឡូតខេត្តបាត់ដំបង កាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង កំពុងបង្ហាញសម្រស់ដ៏ស្រស់ស្អាត និងទាក់ទាញ ក្រោយពេលសាងសង់រួចរាល់១០០% ហើយអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះបានទាំងស្រុង និងគ្មានការព្រួយបារម្ភអ្វីទៀតឡើយ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ឯកឧត្តម ផន រឹម បានឱ្យដឹងថា ៖ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)មានប្រវែងផ្លូវ សរុប១៩៧,៣៦០គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ជាសក្ខីភាពនៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន បានចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស មុននឹងពិធីប្រគល់-ទទួល៕




