ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគោលនយោបាយសាធារណៈ និងច្បាប់ថាជាបុរេលក្ខខណ្ឌមួយក្នុងការដឹកនាំសម្រាប់ក្រសួងនាពេលអនាគត។

ថ្លែងក្នុងកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងសំរាប់អនុវត្តស្របតាមបរិបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុមការងារច្បាប់ និងគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួង នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំក្រសួងឱ្យកាន់តែសកម្ម និងចេះចូលរួមឈឺឆ្អាលក្នុងកិច្ចការរបស់ក្រសួង ដែលមិនគ្រាន់តែអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមជាគំនិតយោបល់ក្នុងការអនុវត្តកិច្ចការផ្សេងទៀតជាប្រយោជន៍របស់ក្រសួង ដូចជា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាដើម ហើយត្រូវយល់ឱ្យបានច្បាស់ពីគោលការណ៍ និងគោលនយោបាយរបស់ក្រសួង ក្នុងគោលដៅរួមគ្នាធ្វើឱ្យសង្គមជាតិផ្លាស់ប្ដូរផ្នត់គំនិតកាន់តែប្រសើរជាងមុន ។
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ៖
«តាមរយៈការជួបប្រជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សា និងតាមដានដំណើរការតាក់តែងច្បាប់ និងគោលនយោបាយរបស់ក្រសួងដើម្បីឱ្យប្រាកដថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិ និងបទដ្ឋានបច្ចេកទេសនានា សំរាប់ដំណើរការដោយរលូនលើវិស័យជំនាញរបស់ខ្លួន សំរាប់អនុវត្តនាពេលខាងមុខ»។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជាង១១ឆ្នាំមកនេះ គឺចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអភិវឌ្ឍនូវលិខិតបទដ្ឋានគតិយុត្តិចំនួន២៣៥, មានគោលនយោបាយ៤, ច្បាប់១, ព្រះរាជក្រឹត្យ៤, អនុក្រឹត្យ៣០, ប្រកាសអន្តរក្រសួង១៥, សេចក្តីសម្រេច១៤០, សារាចរ៤, សេចក្តីណែនាំចំនួន១១, ក្រៅពីនេះក៏នៅមានលិខិតបទដ្ឋានគតិយុត្តិចំនួន៤០ទៀត ដែលជាការងារចំពោះមុខ និងត្រូវរួមគ្នាធ្វើផងដែរ ៕
