តាកែវ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តតាកែវ គ្រោងនឹងប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តតាកែវ បាននិងកំពុងផ្តួចផ្តើមអនុវត្តផែនការមេ និងប្លង់គោលរបស់ខេត្តតាកែវ ដោយយកបឹងតាកែវជាចំណុចចាប់ផ្តើមក្នុងការរៀបចំក្រុង ដែលបឹងនេះផ្សារភ្ជាប់អរិយធម៌ វប្បធម៌ និងប្រវត្តិសាស្រ្តរបស់កម្ពុជាតាំងពីកើតនគរ  ហើយការប្រែក្លាយបឹងតាកែវឱ្យទៅជាសួនសាធារណ:ដ៏ធំមួយក្នុងក្រុងដូនកែវ នឹងផ្តល់នូវកន្លែងលំហែកម្សាន្តដល់សាធារណជន និងជាការគិតគូរដល់សុខភាព និងបង្កើននូវគុណតម្លៃជីវិតសម្រាប់អ្នកក្រុងដូនកែវ និងអ្នកខេត្តតាកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលំហសាធារណៈបឹងតាកែវ ដែលបានធ្វើឡើងនៅក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថាការជួបជុំគ្នានាពេលនេះគឺដើម្បីជជែកពិភាក្សាប្រមូលធាតុចូល និងស្វែងរកការឯកភាពគ្នាបន្ថែមទៀតក្នុងការងាររៀបចំលំហសាធារណៈបឹងតាកែវអោយបានល្អប្រសើរនិងរក្សាបាននូវគុណតម្លៃជាវប្បធម៌ សង្គម សុខភាព និងគុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋ។

ដោយឡែកបន្ទាប់ពីបញ្ចប់ការងារវាស់វែងដីធ្លីក្នុងខេត្តតាកែវរួចនោះ ជំហានបន្ទាប់គឺឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងរៀបចំផែនការមេជូនរដ្ឋបាលខេត្តតាកែវក្នុងគោលដៅចង់ឱ្យខេត្តតាកែវក្លាយជាខេត្តមួយដែលមានការអភិវឌ្ឍន៍និងការរៀបចំក្រុងបានល្អ ដូច្នេះឯកឧត្តមបានស្នើដល់អគ្គនាយកដ្ឋានសុរិយោដីនិងអគ្គនាយកដ្ឋានរៀបចំដែនដីធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំផែនការមេដើម្បីប្រែក្លាយខេត្តតាកែវដែលមានទំហំសេដ្ឋកិច្ចធំហើយនោះ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត។

ជាមួយនេះ ឯកឧត្តម សាយ សំអាល់ ក៏បានជំរុញដល់មន្ត្រីជំនាញនិងអាជ្ញាធរដែនដីត្រូវពន្យល់ណែនាំដល់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវនេះ ឱ្យបានយល់ពីគោលបំណងនៃគម្រោងដែលយើងទាំងអស់គ្នាគ្រោងនឹងធ្វើនេះគឺមានគុណតម្លៃយ៉ាងខ្លាំងសម្រាប់ជីវិតប្រជាពលរដ្ឋនិងសម្រាប់សង្គមរបស់អ្នកក្រុងដូនកែវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយសារខេត្តតាកែវជាខេត្តដែលមានទំហំសេដ្ឋកិច្ចធំនោះ ឯកឧត្តម នឹងរៀបចំកសាងសួនច្បារសាធារណៈដ៏ធំមួយនៅកណ្ដាលក្រុងដូនកែវ ដោយយកធនធានដែលមានស្រាប់គឺបឹងតាកែវមកប្រើប្រាស់និងកែច្នៃទៅជាលំហសាធារណៈសម្រាប់សារធារណជនមកលំហែកម្សាន្ត។ ក្នុងនោះកិច្ចការដំបូងដែលត្រូវធ្វើគឺអគ្គនាយកដ្ឋានសុរិយោដីនិងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តតាកែវត្រូវចុះបញ្ជីបឹងតាកែវនេះ ឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំយោបល់ពីក្រសួងធនធានទឹកនិងឧតុនិយម ហើយអគ្គនាយកដ្ឋានរៀបចំដែនដី, គណៈស្ថាបត្យករព្រមទាំងអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងមានសមត្ថកិច្ចត្រូវចូលរួមក្នុងការអនុវត្តកិច្ចការនេះទាំងអស់គ្នា នោះទើបគម្រោងក្នុងការរៀបចំសួនច្បារសាធារណៈបឹងតាកែវអាចសម្រេចបានជោគជ័យ ជាប្រយោជន៍សម្រាប់អ្នកក្រុងដូនកែវក៏ដូចជាឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរៀបចំឱ្យមានលំហសាធារណៈដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋ និងកសាងនូវភូមិឋានក្សេមក្សាន្តសម្រាប់ប្រជាពលរដ្ឋផងដែរ៕