ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ សុខា ភ្នំពេញ បានសហការរួមគ្នា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅដល់សហគ្រាសធុនតូច និងមធ្យម។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥ ជាកម្មវិធីមួយក្នុងវេទិកាប្រចាំឆ្នាំដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។ ដៃគូហត្ថលេខីដែលបានចូលរួម មាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។
ថ្លែងក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា៖ «អនុស្សរណៈនេះគឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការ និងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមកក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា»។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖
«កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរមានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយរបស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ទៅដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅទូទាំងប្រទេស»។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងជំរុញដល់កិច្ចសហការរវាងសហគ្រិនខ្មែរ និងសភាពាណិជ្ជកម្មកម្ពុជា។ គួររំលេចផងដែរថា ស្ថាប័នទាំងពីរបានធ្វើការរួមគ្នាចាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។ ក្នុងនោះបានអនុវត្តគម្រោង ដែលមានម្ចាស់សហគ្រាសធុនតូច និងមធ្យមសរុប ចំនួន ៤.៦២៩ នាក់ បានទទួលផលតាមរយៈការបណ្តុះបណ្តាល សិក្ខាសាលា និងកសាងបណ្តាញទំនាក់ទំនង ដើម្បីចាប់យកឱកាស និងពង្រីកទីផ្សារ។


