ភ្នំពេញ៖ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍ ការអភិរក្ស ការវិនិយោគ និងការលើកកម្ពស់សោភ័ណ្ឌភាពនគរូបនីយកម្មនៅតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយស្ថាបត្យករកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយយកឆ្នេរសមុទ្រចំនួន៣ ដាក់ឱ្យប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម សម្រាប់ការប្រកួតប្រជែងឆ្នាំ២០២៥នេះ ដែលក្នុងនោះរួមមានឆ្នេរកែវផុស ឆ្នេរព្រែកចាក និងឆ្នេរជ្រោយស្វាយ ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលកន្លងទៅថ្មីនេះបានឱ្យដឹងថា ការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធ្វើឡើងក្រោមប្រធានបទ «កម្ពុជា មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ»។
នៅក្នុងសេចក្ដីជូនដំណឹងបានបង្ហាញទីកន្លែងសម្រាប់ទទួលពាក្យសុំចូលរួមប្រកួតប្រជែងនេះ គឺនៅបន្ទប់ការិយាល័យលេខ០១ ជាន់ផ្ទាល់ដី នាទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទីតាំងស្ថិតនៅដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចដាក់ពាក្យតាមរយៈអ៊ីម៉េល ly-sovann@mlmupc.gov.kh ឬតាមតេលេក្រាមលេខ ០៩៩ ២៦៦ ០០៦ ។

សូមបញ្ជាក់ថា រយៈពេលរចនាគម្រោងប្លង់មានចំនួន១៥០ថ្ងៃ គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ហើយការរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ត្រូវយកចិត្តទុកដាក់លើគោលការណ៍ចំនួនដូចជា អភិវឌ្ឍនិងអភិរក្សប្រកបដោយចីរភាព អភិវឌ្ឍបៃតង និងអភិវឌ្ឍតាមបែបធម្មជាតិ ស្របតាមធម្មជាតិនៃទីតាំងភូមិសាស្ត្រ ។ ត្រូវលើកកម្ពស់និងការពារធនធានធម្មជាតិនិងបរិស្ថាន ព្រមទាំងថែរក្សាអត្តសញ្ញណវប្បធមជាតិ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និងទាក់ទាញការវិនិយោគ ។ បេក្ខជន ក៏ត្រូវផ្ដោតលើ ឆ្នេរសមុទ្រកម្ពុជា ជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកផងដែរ ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងក៏បានបញ្ជាក់ពីទីតាំងឆ្នេរសមុទ្រដែលជាវិញ្ញាសារសម្រាប់ការប្រកួតប្រជែងស្នារចនាគម្រោងប្លង់ ក្នុងនោះមានឆ្នេរកែវផុស ១,២,៣ ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឆ្នេរព្រែកចាក ស្ថិតនៅក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ និងឆ្នេរជ្រោយស្វាយ ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ បេក្ខជនក៏អាចចូលរួមប្រកួតប្រជែងនៅក្នុងវិញ្ញាសារចំនួន១ ឬ២ ឬ៣ នៃវិញ្ញាសារទាំង៣នេះ ៕
