ក្រចេះ ៖ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ដែលរាជរដ្ឋាភិបាលបានប្រសិទ្ធនាមឈ្មោះឱ្យថា «ស្ពានមិត្តភាព-កម្ពុជា-ចិន មេគង្គក្រចេះ» គ្រោងនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្នក្នុងអំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នាខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន ៩៦ភាគរយ និងត្រៀមបញ្ចប់ទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរអ្នកទេសចរនៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងអំឡុងខែកញ្ញាខាងមុខនេះ។
សូមជម្រាបដែរថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះ ត្រើយខាងកើតស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុងភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម៉ែត្រ x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម៉ែត្រ x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម៉ែត្រ x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម៉ែត្រ x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម៉ែត្រ x ១៥ម៉ែត្រ ផងដែរ។
គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីគុណូបការគុណរបស់ “នយោបាយឈ្នះ ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចតេជោ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាត្រូវចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តដឹកនាំកសាង ប្រទេសជាតិមាតុភូមិយើងឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ» និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។ បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាសក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕
