បរទេស ៖ វៀតណាម ជាប្រទេសមួយដែលទទួលបានការទម្លាក់អត្រាពន្ធគយបដិការលើទំនិញនាំចូលសហរដ្ឋអាម៉េរិកទាបជាងបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ី ពោលគឺមកនៅត្រឹមតែ២០%ប៉ុណ្ណោះ ខណៈដែលកម្ពុជា និងថៃ ធ្លាក់នៅត្រឹម ៣៦ភាគរយ, ប្រទេសឡាវ និងមីយ៉ាន់ម៉ា ធ្លាក់នៅត្រឹម ៤០ភាគរយ ។

អាថ៌កំបាំងនៅពីក្រោយការសម្រេចចិត្តរបស់អាម៉េរិក លើការទម្លាក់ពន្ធគយទំនិញនាំចូលពីវៀតណាមត្រឹម ២០%នេះ ត្រូវបានបណ្តាញផ្សព្វផ្សាយអន្តរជាតិ CNA បានចេញផ្សាយមុននេះថា លោកប្រធានាធិបតីអាម៉េរិក Donald Trump បានលើកឡើងពីការនាំចូលទំនិញភាគច្រើនពីវៀតណាមនឹងប្រឈមពន្ធ ២០% ប៉ុន្តែការនាំចេញពីប្រទេសទី៣ តាមរយៈវៀតណាមនឹងប្រឈមពន្ធ ៤០%។
លើសពីនេះ វៀតណាម អាចនាំចូលផលិតផលពីអាម៉េរិកទៅចែកចាយនៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួនជាមួយនឹងពន្ធ ០%។ យ៉ាងណាក៏ដោយ គេសង្ស័យថា ប្រទេសទី៣ ដែលនាំចេញទំនិញតាមរយៈវៀតណាមគឺជាប្រទេសចិន ដោយសារផលិតផលដែលផលិតនៅក្នុងប្រទេសចិនភាគច្រើនបានដាក់ស្លាកថា «Made in Vietnam ឬ ផលិតនៅវៀតណាម»។
សូមរំលឹកថា ក្នុងអំឡុងពេលដែល Trump ប្រកាសការយកពន្ធឲ្យមានភាពស្មើគ្នាកាលពីខែមេសា ការនាំចូលទំនិញវៀតណាមមកកាន់អាម៉េរិកនឹងត្រូវបង់ពន្ធ ៤៦%។ ក្រោយមក Trump បានផ្អាកយកពន្ធថ្មីរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឲ្យប្រទេសទាំងនោះចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិក ហើយជាលទ្ធផល ប្រទេសវៀតណាម បានទទួលការអនុគ្រោះខ្ពស់ជាងគេ ដែលធ្លាកើមកនីត្រឹមតែ ២០% ប៉ុណ្ណោះ បន្ទាប់ពីលោក To Lam ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បាននិយាយជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ៕
