ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពលើការផ្ដល់សេវាសាធារណៈឱ្យមានតម្លាភាព និងភាពងាយស្រួលក្នុងការអនុវត្តមួយចំនួនដែលបានដាក់ចេញនាពេលកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្សព្វផ្សាយសារាចរណែនាំស្ដីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមដែនសមត្ថកិច្ចថ្នាក់ក្រោមជាតិ ។
បើតាមសារាចរណែនាំបានឱ្យដឹងថា ចំពោះទីតាំងមានប្លង់ធ្លាគម្លាតស្រាប់ដែលបានអនុវត្តរួច បទប្បញត្តិប្រើប្រាស់ដី ត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ពីព្រំដីកាន់កាប់ស្របច្បាប់ត្រូវអនុវត្តស្របតាមប្លង់តម្រងជួរដែលមានស្រាប់ ឬតាមផែនការប្រើប្រាស់ដីដែលបានធ្វើការព្យាករណ៍អំពីលទ្ធផលពង្រីកផ្លូវនាពេលអនាត ។
ចំពោះទីតាំងដែលពុំមានប្លង់ធ្លាគម្លាត បទប្បញ្ញត្តិប្រើប្រាស់ដី ត្រូវកំណត់ធ្លាគម្លាតអគារក្នុងដីឡូត៍ពីព្រំដែនកាន់កាន់ស្របច្បាប់ ត្រូវអនុវត្តទៅតាមកម្ពស់អគារ ក្នុងនោះសម្រាប់អគារដែលមានកម្ពស់ចាប់ពីជាន់ផ្ទាល់ដីដល់៨ជាន់ ធ្លាគម្លាតខាងមុខ ឬគម្លាតជាប់ផ្លូវយ៉ាងតិច៤ម៉ែត្រ ។ ក្នុងករណីចាំបាច់ នៅតំបន់ពាណិជ្ជកម្ម និងតំបន់ចម្រុះ និងក្នុងករណីសំណង់គ្មានជញ្ជាំង មានតែសរសរ ហើយជាន់ផ្ទាល់ដីត្រូវបានប្រើប្រាស់សម្រាប់ថ្មើរជើងសាធារណៈ គម្លាតនេះអាចកំណត់យ៉ាងតិច២ម៉ែត្រ ។ ចំណែកធ្លាគម្លាតខាងក្រោយ យ៉ាងតិច២ម៉ែត្រ ធ្លាគម្លាតចំហៀងសងខាងត្រូវរក្សាទុកយ៉ាងតិច២ម៉ែត្រ ។
ក្នុងករណីក្បាលដីមានប្រវែងតិចជាង២០ម៉ែត្រ ធ្លាគម្លាតសងខាងអាចត្រូវបានអនុញ្ញាតឱ្យនៅត្រឹម១០ភាគរយនៃប្រវែងក្បាលដី ។ ចំពោះសំណង់លំនៅឋាន ក្នុងករណីក្បាលដីដែលមានប្រវែងតិចជាង១០ម៉ែត្រ ត្រូវរក្សាធ្លាគម្លាតសងខាងយ៉ាងតិច១ម៉ែត្រ និងក្នុងករណីធ្លាគម្លាត១ម៉ែត្រ មិនអាចរក្សាទុកបានដោយផ្អែកទៅតាមស្ថានភាពជាក់ស្ដែងនៃក្បាលដី អាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិអនុញ្ញាតឱ្យសាងសង់ជាប់ព្រំតែម្ដង ។
ក្នុងសារាចរនេះ បានបានបញ្ជាក់ថា ចំពោះសំណង់ដែលស្ថិតនៅក្នុងតំបន់លំនៅឋានជាប់គ្នា ត្រូវរក្សាគម្លាតអប្បបរមាជាប់ផ្លុវ៤ម៉ែត្រ ឬរក្សាតាមជួរតម្រង់ កម្ពស់ និងរចនាបថដូចអគារស្របច្បាប់ជិតខាងដែលមានស្រាប់ ហើយអាចសាងសង់ជាប់ព្រំ ឬជញ្ជាំងអឌ្ឍសិទ្ធិដោយម្ចាស់សំណង់ត្រូវទទួលខុសត្រូវនូវរាល់ផលប៉ះពាល់អគារអ្នកជិតខាងដែលបណ្ដាលមកពីការសាងសង់អគាររបស់ខ្លួន ដោយត្រូវជួសជុលឬសាងសង់ឡើងវិញទៅតាមទំហំនៃការខូចខាតជាក់ស្ដែង ។
ចំពោះអគារកម្ពស់ចាប់ពីជាន់ទី៩ ដល់ជាន់ទី១១ ត្រូវអនុវត្តតាមអនុក្រឹត្យលេខ៤២ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៥ ស្ដីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន និងអនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៥ ស្ដីពីការកែសម្រួលមាត្រា៣០ មាត្រា៣៤ មាត្រា៣៨ មាត្រា៥០ មាត្រា៦៦ និងមាត្រា៨២ នៃអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៥ ស្ដីពីនគរូបនីយកម្ម រាជធាំនី ក្រុង និងទីប្រជុំជន ៕