កណ្តាល ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល ស្ដីពីការប្រែប្រួលទំហំផ្ទៃដី នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល កាលពីថ្ងៃទី០៩ ខែកក្កដា ២០២៥ បានឱ្យដឹងថា ផ្ទៃដីទំហំ ២ ៤៧៥ហិកតា និង ៦ ១៧៨ម៉ែត្រការ៉េ ក្នុងឃុំព្រែកផ្ទោល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ត្រូវបានកាត់ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំដែនរដ្ឋបាល ។

យោងតាមសេចក្ដីជូនដំណឹងដដែលនេះក៏បានបង្ហាញផងដែរពីការកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១៩៤០ម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦ ៩២៦ម៉ែត្រការ៉េ ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលដី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលផងដែរ ។
តាមរយៈការកាត់ផ្ទៃដីពីផ្នែកខ្លះនៃរាជធានីភ្នំពេញ និងផ្នែកខ្លះនៃស្រុកអង្គរបុរី ខេត្តតាកែវ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកណ្ដាល បានធ្វើឱ្យទំហំផ្ទៃដីខេត្តកណ្ដាលកើនឡើងពី ៣ ២៥១,៤៦គីឡូម៉ែត្រក្រឡា មុនឆ្នាំ២០២៥ ដល់ទំហំ ៣ ២៧៨,៤៨គីឡូម៉ែត្រក្រឡា ដោយបច្ចុប្បន្ននេះខេត្តកណ្ដាលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងកើតជាប់នឹងព្រៃវែង ខាងត្បូងជាប់នឹងប្រទេសវៀតណាម និងខាងលិចជាប់នឹងតាកែវ និងខេត្តកំពង់ស្ពឺ ។ ខេត្តកណ្ដាលក៏ជាខេត្តដែលព័ទ្ធជុំវិញរាជធានីភ្នំពេញផងដែរ ៕


