ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារ ដែលពាក់ព័ន្ធឱ្យពង្រីកការគិតគូរបន្ថែមទៀតលើការងារសម្បទានដីដោយមិនគ្រាន់តែជាការចែកដីធ្លីតាមគោលនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។

នៅក្នុងកិច្ចប្រជុំណែនាំការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច និងការរៀបចំកែលម្អឆ្នេរសមុទ្រ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិសាលភាពនៃការងាររបស់ក្រសួងរៀបចំដែនដី គឺមានទំហំធំធេង ហើយការងារដែលធ្លាប់ធ្វើពីមុនមកដល់បច្ចុប្បន្នគឺកាន់តែមានទំហំធំធេងជាងមុនទៅទៀត ដូច្នេះសូមកុំគិតត្រឹមតែការងារស្នូលតែ១ជ្រុង ប៉ុន្តែត្រូវពង្រីកការគិតគូរបន្ថែមទៀតដើម្បីជំរុញកិច្ចអភិវឌ្ឍ លើកស្ទួយគុណភាពជីវិតរបស់មនុស្ស ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើងផងដែរ ។

ទាក់ទិននឹងការងាររៀបចំកែលម្អឆ្នេរសមុទ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួងត្រូវជជែកពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំផែនការថវិកាកែលម្អឆ្នេរសមុទ្រ បន្ទាប់មកត្រូវពិភាក្សាជាមួយបណ្ដាឃុំនៅតាមតំបន់ឆ្នេរថា តើត្រូវរៀបចំកែលំអរអ្វីខ្លះនៅតំបន់ឆ្នេរដើម្បីឱ្យតំបន់ឆ្នេរកាន់តែមានសោភ័ណភាព មានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិអោយចូលមកកំសាន្តកាន់តែច្រើន សំដៅទទួលបានប្រាក់ចំណូលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋ ។ ជាមួយនេះ ត្រូវធ្វើរបាយការណ៍អំពីគម្រោងដែលម្ចាស់ក្បាលដី, អាជ្ញាធរឃុំតាមតំបន់ឆ្នេរនិងកោះ និងក្រុមហ៊ុនថ្ងៃបាំងឆត្រ គ្រោងនឹងធ្វើនោះយកមកដាក់ជូនក្រសួងពិនិត្យសិក្សាបន្ថែម មុននឹងចាប់ផ្តើមដាក់អោយអនុវត្តគំរោងទាំងនោះ ។
ដោយឡែក ទាក់ទិននឹងការងារសម្បទានដីដើម្បីសង្គម និងសេដ្ឋកិច្ច ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារត្រូវធ្វើរបាយការណ៍ខ្លីដើម្បីឯកឧត្តមឧបនាយករដ្ឋមន្ត្រីពិនិត្យ និងបញ្ជូនទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចរួចទើបរៀបចំកិច្ចប្រជុំពិភាក្សាជាមួយសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីអនុវត្ត ៕


