ឧកញ៉ា នួន រិទ្ធី និងលោកជំទាវ ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងហុងកុង និងគងចូវ
……………………………………………………………………….
(រាជធានីភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ បានអញ្ជើញក្នុងនាមជាគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា សរុបចំនួន ១៧រូប បំពេញទស្សនកិច្ចពាណិជ្ជកម្មទៅទីក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនៃទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន៖•ព្រឹត្តិការណ៍ពិព័រណ៍ The Battery Show Asia (TBSA) & Mobility Tech Asia (MTA)• ចូលរួម សន្និសីទថាមពល អាគុយ រថយន្តអគ្គិសនី និងបច្ចេកវិទ្យា EV/HV អាស៊ី ២០២៥• ជំនួបប្រជុំជាមួយ សមាគមធុរកិច្ចនានាក្នុងតំបន់ និងអន្តរជាតិ• ជំនួបពាណិជ្ជកម្ម B2B ជាមួយក្រុមហ៊ុនអញ្ជើញដាក់តាំងបង្ហាញផលិតផល ដែលមានចំនួនច្រើនជាង ៣៥០ស្តង់។
គួររំលឹកផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន បានធ្វើការយ៉ាងសកម្មជាមួយដៃគូ និងអង្គភាពអន្ដរជាតិនានា ដើម្បីពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ កន្លងទៅនេះ សភាពាណិជ្ជកម្មកម្ពុជា តែងតែរៀបចំកម្មវិធីទស្សនកិច្ចពាណិជ្ជកម្ម ព្រមទាំងបានរៀបចំកម្មវិធីជំនួបអាជីវកម្ម (B2B) និងចាប់ដៃគូវិនិយោគទៅកាន់ប្រទេសនានាក្នុងតំបន់ និងអន្តរជាតិ៕