ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជាដែលចេញផ្សាយនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណងបង្កលក្ខណៈឲ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សារភ្ជាប់ទំនាក់ទំនងជាអតិបរមា។ ក្នុងនោះព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺ សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលរំពឹងថានឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។ សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទីផ្សារតាមវិស័យនានា។
គួររំលឹកថា៖ កម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៥ – ២០២៦ និងការពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មចំនួន ២០ពាន់លានដុល្លារអាម៉េរិក។
អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានលើកឡើងនាពេលកន្លងមកថា៖ ការរួមគ្នាបង្កើតកិច្ចព្រមព្រៀង និងបង្កើនកិច្ចសហប្រតិបត្តិ្កការពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម គឺជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក និងជាការធ្វើពិពិធកម្មទីផ្សារថ្មីសម្រាប់ប្រទេសទាំងេពីរ។
កម្ពុជានាំចេញកសិផលទៅវៀតណាមជាចម្បងរួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ និងថ្នាំជក់។ ដោយឡែកការនាំចូលពីប្រទេសវៀតណាមរួមមានសម្ភារសំណង់ គ្រឿងចក្រ ឥន្ធនៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ជីកសិកម្ម ចំណីសត្វ បន្លែ និងផ្លែឈើ។
គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ កើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ចំពោះទំហំពាណិជ្ជកម្មជាមួយវៀតណាមមានជាង៤ពាន់លានដុល្លារ ដោយកម្ពុជានាំចេញមាន ២,១៩៣,៨២១ដុល្លារ និងវៀតណាមនាំចូល ២,១៤៧,៨៣៣ ដុល្លារអាម៉េរិក។
វៀតណាម ឈរនៅលំដាប់លេខ ៣ ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៧,៧ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ ដោយក្នុងនោះ កម្ពុជា នាំចេញទំនិញទៅកាន់វៀតណាមជាង ៣ពាន់ ៦រយលានដុល្លារអាម៉េរិក ខណៈកម្ពុជា នាំចូលមកជាង៤ពាន់លានដុល្លារអាម៉េរិក៕