ខេត្តកំពត៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី លទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍នេសាទត្រពាំងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ , ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធរួមទាំងប្រជាសហគមន៍ផងដែរ។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃគម្រោងអភិវឌ្ឍន៍សហគមន៍ទាំង១២ ដោយក្នុងនោះខេត្តកំពត មាន ៥សហគមន៍, ខេត្តព្រះសីហនុ មាន ៤សហគមន៍ និងខេត្តកែប មាន ៣សហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការបន្ថែមសម្រាប់រៀបចំជាបណ្ដុំសេវាកម្មទេសចរណ៍ ឱ្យមានភាពល្អប្រសើរ ក្នុងគោលដៅជួយឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះមានប្រាក់ចំណូលកើនឡើង និងជីវភាពកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ស្ថិតនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត និងមានការផ្តល់សេវាកម្ម ផ្ទះស្នាក់សហគមន៍ ដំណើរកម្សាន្តតាមទូកទស្សនាព្រៃកោងកាង ដាំដើមកោងងកាង កញ្ចុះអាហារ ស្ពានដើរកម្សាន្ត ព្រមទាំងមានហេត្ថារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍គ្រប់គ្រាន់ ដែលទទួលភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ ជាមធ្យម ក្នុង ១ សប្តាហ៍។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតាមបណ្តាខេត្តគោលដៅនានា, និយាយជារួម, និង និយាយដោយឡែក នៅសហគមន៍ត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត នេះ និយាយដោយឡែក។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍, ការផ្គត់ផ្គង់ទឹកស្អាត, និងការផ្តល់បន្ទប់ទឹកអនាម័យនៅតាមសហគមន៍ទេសចរណ៍ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្តកំពត ដែលបានដឹកនាំ និងសហការរៀបចំខេត្តកំពតជាគោលដៅទេសចរណ៍ដ៏សែនមនោរម្យ និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តសប្បាយឥតដាច់៕